(ភ្នំពេញ)៖ លោក Trevor James គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្ដរជាតិ បានស្ងើចសរសើរ ចំពោះការខិតខំសិក្សារៀនសូត្រ ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាព និងជំនាញបន្ថែមរបស់គ្រូបង្វឹកកម្ពុជា ដែលជាសញ្ញាណដ៏ល្អ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូនឃ្លីលើតុនៅកម្ពុជា ។

នេះបើតាមការលើកឡើងក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិត១ ដែលប្រព្រឹត្តទៅដោយជោគជ័យ ក្រោយដំណើរការសិក្សា ១សប្ដាហ៍ ចាប់ពីថ្ងៃទី២-៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភរបស់គម្រោងសាមគ្គីអូលាំពិក ដែលមានសិក្ខាកាមចំនួន ២៥នាក់ចូលរួម ។

ជំនាញការអន្ដរជាតិខាងលើ បញ្ជាក់ថា ក្នុងចំណោមសិក្ខាកាមចូលរួមទាំងអស់ មាន ២៣នាក់ ស្មើនឹង ៩២% ដែលទទួលបាននិទ្ទេសល្អ ។ ទោះបីតួរលេខនេះ មិនអាចបង្ហាញប្រាប់រឿងរ៉ាវបានពេញលេញ តែជារួមបុគ្គលម្នាក់ៗ សុទ្ធតែមានគុណភាពខ្ពស់ ដែលធ្វើឲ្យលោកកោតស្ញប់ស្អែង ចំពោះស្មារតីចង់រៀន និងចង់អភិវឌ្ឍន៍សមត្ថភាពជំនាញរបស់សិក្ខាកាមទាំងអស់ផងដែរ ។

ថ្លែងក្នុងពិធីបិទវគ្គនេះដែរ លោក ប៊ុយ សុភ័ណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំយកចិត្តទុកដាក់របស់សិក្ខាកាមទាំងអស់ ក្នុងការស្រូបយកចំណេះដឹងថ្មីៗ ពីគ្រូឧទ្ទេសកម្រិតអន្តរជាតិ ពាក់ព័ន្ធនឹងគោលការណ៍គ្រឹះនៃការបង្វឹកកីឡាវាយកូនឃ្លីលើតុ ដើម្បីចូញលរួមជាមួយសហព័ន្ធក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សឲ្យកាន់តែមានសក្ដានុពល ។

តាមរយៈវគ្គនេះ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង និងបច្ចេកទេសថ្មីៗ ដែលបានសិក្សាទៅប្រើប្រាស់ដើម្បីអភិវឌ្ឍធនធានអត្តពលិក ឈានឆ្ពោះទៅទទួលបានជោគជ័យសម្រាប់ការប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិ ជាពិសេសក្នុងការចូលរួមជាមួយសហព័ន្ធ ដើម្បីអភិវឌ្ឍធនធានអត្តពលិកយុវជន-ថ្នាល ត្រៀមការប្រកួតកីឡាយុវជនអាស៊ីហ្គេម ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង ៕