(បេឡារុស្ស)៖ ម្ចាស់លេខ១ ពិភពលោក Aryna Sabalenka ពេលនេះបានឈ្នះពានរង្វាន់កីឡាការិនីវាយកូនបាល់ឆ្នើមប្រចាំឆ្នាំ (Tennis) WTA Player of the Year 2024 បន្ទាប់រូបនាងបានប្រកួតប្រជែងឈ្នះពានចំនួន ៤កម្មវិធីផ្សេងគ្នាក្នុងឆ្នាំ២០២៤ នេះ ។
កីឡាការិនីសញ្ជាតិបេឡារុស្ស Aryna Sabalenka ស្ថិតក្នុងឆ្នាំ២០២៤ នេះ បានឈ្នះពានរង្វាន់វាយកូនបាល់នៅកម្មវិធីវាយកូនបាល់ Australian Open, និងពាន US Open ដែលនេះបាននាំឱ្យរូបនាងបានឈ្នះពានកម្រិត Grand Slam ជាលើកទី៣ ក្នុងអាជីពផងដែរ។
កីឡាការិនីវ័យ ២៦ឆ្នាំរូបនេះ ក៏បានឈ្នះជើងឯកក្នុងព្រឹត្តិការណ៍ Cincinnati Open កាលពីខែសីហា និងពានរង្វាន់នៅកម្មវិធី Wuhan Open កាលពីខែតុលា ដោយបានក្លាយជាស្ត្រីដំបូងគេដែលឈ្នះក្នុងព្រឹត្តិការណ៍វាយកូនបាល់ដែលបានរៀបចំនៅទឹកដីចិន បានចំនួន ៣លើកជាប់គ្នា ។
Aryna Sabalenka នៅខែតុលា ឆ្នាំ២០២៤ រូបនាងបានឈានទៅឈរតំណែងលេខ១ ពិភពលោក បានបញ្ចប់តំណែងរបស់កីឡាការិនី Iga Swiatek ដែលបានកាន់តំណែងនេះរយៈពេល ១១ខែកន្លង។ ហើយនេះជាលើកទី១ របស់រូបនាងដែលបានជាប់ឈ្មោះកីឡាការិនីឆ្នើមប្រចាំឆ្នាំ ដែលរយៈពេល ២ឆ្នាំកន្លងទៅជារបស់ Iga Swiatek ក្រោយការបោះឆ្នោតតាមរយៈប្រព័ន្ធផ្សព្វផ្សាយកីឡាវាយកូនបាល់អន្តរជាតិ ៕