(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាតេក្វាន់ដូ WT នៃក្រសួងមហាផ្ទៃ បានត្រឡប់មកមាតុភូមិវិញហើយ នៅថ្ងៃទី១០ ខែធ្នូនេះ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Open Police Taekwondo Championships 2024 នៅប្រទេសវៀតណាម ដោយដណ្ដើមបានមេដាយ ៧គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ១ ជូនជាតិមាតុភូមិ ។
លោក ឆូយ ពុទ្ធា ប្រតិភូដឹកនាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយធ្វើដំណើរដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថា ព្រឹត្តិការណ៍អន្ដរជាតិនេះ មានអត្តពលិកជាង ២,៥០០នាក់ មកពី ២៩ប្រទេស ខណៈអង្គភាពកីឡាក្រសួងមហាផ្ទៃ របស់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៤រូបចូលរួមការប្រកួតពីថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្ត Quang Ninh ប្រទេសវៀតណាម ។
ជាលទ្ធផលបច្ចេកទេសក្រុមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ១ សរុប ៧គ្រឿង ឈរចំណាត់ថ្នាក់លេខ៣ ក្នុងនាមប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ ។ លើសពីនេះ ក្រុមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ក៏ដណ្ដើមបានមេដាយ ៣គ្រឿងផងដែរ នៅក្នុងព្រឹត្តិការណ៍ Asian Taekwondo Festival 2024 ដែលរៀបចំដោយម្ចាស់ផ្ទះវៀតណាម រួមមានមេដាយមាស ២ និងប្រាក់ ១ ។
ទន្ទឹមជាមួយភាពជោគជ័យខាងលើ លោក ឆូយ ពុទ្ធា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីទាំងអស់គ្នា ដែលព្យាយាមជាខ្លាំង រហូតដណ្ដើមបានមេដាយជូនជាតិ ។ បន្ថែមលើនេះ លោកក៏បានអរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសដល់ក្រុមកីឡាតេក្វាន់ដូ WT បានចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះ ក៏ដូចជាការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ម្ចាស់ផ្ទះផងដែរ ។
សម្រាប់ម្ចាស់មេដាយទាំង ៧គ្រឿង នៃព្រឹត្តិការណ៍ Asian Open Police Taekwondo Championships 2024 រួមមាន៖ ១.កីឡាការិនី ណាង វណ្ណៈ ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនឯកត្តជននារី, ២.កីឡាករ ផល សុវណ្ណាត់ ឈ្នះមេដាយមាស លើវិញ្ញាសាមេគុន ឯកកត្តជនបុរស, ៣.កីឡាករ សុ វណ្ណាត់ និងកីឡាការិនី ណាង វណ្ណៈ ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនគូបុរស-នារី, ៤.កីឡាករ វ៉ា មិថុនា ឈ្នះមេដាយមាស លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៨០គីឡូក្រាម, ៥.កីឡាការិនី ឈឿង អាលីហ្សា មេដាយប្រាក់ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៧គីឡូក្រាម, ៦.កីឡាករ វ៉ាន់ រិទ្ធី ឈ្នះមេដាយប្រាក់ លើវិញ្ញាសាប្រយុទ្ធ និង ៧.កីឡាករ សំ យូដេត ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៨គីឡូក្រាម ៕