(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះសិង្ហបុរី នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ (ម៉ោងនៅកម្ពុជា) នៅក្នុងការប្រកួតទី២ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ពូល A នៅពហុកីឡដ្ឋានជាតិសិង្ហបុរី។
លោក Koji Gyotoku គ្រូបង្វឹកគោព្រៃកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតល្ងាចនេះ ពិសេសលោកជឿជាក់លើកូនក្រុមនឹងធ្វើបានល្អ ទោះបីត្រូវប្រឈមមុខជាមួយក្រុមខ្លាំងមួយ ដែលមានកម្រិតប្រហាក់ប្រហែលក្រុមជម្រើសជាតិម៉ាឡេស៊ីក៏ដោយ។
លោកថា «សម្រាប់ក្រុមជម្រើសជាតិសិង្ហបុរី ជាក្រុមមួយដែលខ្លាំង។ ពួកគេមានកម្រិតប្រហាក់ប្រហែលក្រុមជ្រើសជាតិម៉ាឡេស៊ី។ ដូច្នេះពួកយើងគិតថា ការប្រកួតជាមួយសិង្ហបុរី អាចជាការប្រកួតដ៏ពិបាកផងដែរសម្រាប់យើង។ ប៉ុន្ដែខ្ញុំជឿជាក់លើកីឡាកររបស់យើង ហើយពួកយើងនឹងធ្វើឲ្យបានល្អក្នុងការប្រកួតនេះ»។
សូមបញ្ជាក់ថា នេះគឺជាការប្រកួតទី២ ក្នុងពូល A របស់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីប្រកួតដំបូង កម្ពុជាបានត្រឹមស្មើក្រុមខ្លាលឿងម៉ាឡេស៊ី ២-២ លើទឹកដីរបស់ខ្លួន ខណៈសិង្ហបុរី ទើបត្រៀមការប្រកួតលើកដំបូងក្នុងយុទ្ធនាការប្រកួតពានប្រចាំតំបន់នេះ។ ដំណាលគ្នាដែរ ម៉ាឡេស៊ី ក៏ត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិទីម័រខាងកើតផងដែរ បន្ទាប់ពីប្រកួតដំបូង ទីម័របានចាញ់ថៃរហូតដល់ ១០-០៕