(បរទេស)៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៦.១៦៥ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុន Micron Technology ដើម្បីផលិតផលិតផលពាក់កណ្តាលសម្រេច (semiconductors) នៅទីក្រុង New York និង Idaho ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
មូលនិធិនេះ នឹងគាំទ្រដល់ផែនការរយៈពេលវែងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron ក្នុងការវិនិយោគប្រហែល ១០០ពាន់លានដុល្លារសម្រាប់ការផលិតនៅទីក្រុងញូវយ៉ក និង ២៥ពាន់លានដុល្លារនៅរដ្ឋអៃដាហូ ហើយក៏ជារង្វាន់ធំបំផុតមួយរបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនបន្ទះឈីបមួយនេះផងដែរ ដែលមានតម្លៃក្រោម ៥២.៧ ពាន់លានដុល្លារ ក្រោមច្បាប់ CHIPS ឆ្នាំ២០២២។ ដោយឡែកពីនេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានបន្ថែមថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងបឋមក្នុងការផ្តល់ការឧបត្ថមដល់ Micron ដល់ទៅ ២៧៥លានដុល្លារក្នុងការផ្តល់មូលនិធិដែលបានស្នើឡើង ដើម្បីពង្រីក និងធ្វើទំនើបកម្មកន្លែងទីតាំងផលិតរបស់ខ្លួននៅក្នុងទីក្រុង Manassas រដ្ឋ Virginia ដើម្បីជួយនាំយកបច្ចេកវិទ្យាទំនើបបន្ថែមទៀតដល់សហរដ្ឋអាមេរិកក្នុងការជំរុញការផលិត wafer។ នាយកដ្ឋាននេះបាននិយាយថា ការវិនិយោគរបស់ Micron នឹងបង្កើតការងារប្រហែល ២០,០០០កន្លែង និងជួយសហរដ្ឋអាមេរិកបង្កើនចំណែករបស់ខ្លួនក្នុងការផលិតបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ពីតិចជាង ២% ទៅប្រហែល ១០% នៅឆ្នាំ២០៣៥។
គួរជម្រាបថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ត្រូវបានគេដឹងថា បញ្ចេញការឧបត្ថម្ភជាបន្តបន្ទាប់ដើម្បីបង្កើតសមត្ថភាពវិស័យបច្ចេកវិទ្យា ក្នុងនោះមាន ៧.៨៦ពាន់លានដុល្លារសម្រាប់, Intel ៦.៦ ពាន់លានដុល្លារសម្រាប់ ក្រុមហ៊ុនតៃវ៉ាន់ TSMC និង ១.៥ ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុន GlobalFoundries។ នាយកប្រតិបត្តិក្រុមហ៊ុន Micron លោក Sanjay Mehrotra បាននិយាយថា ការឧបត្ថមនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងធានាថា សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងជួរមុខនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា៕