(ភ្នំពេញ)៖ សាកលវិទ្យាល័យវេស្ទើន បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីជំនាន់ទី២២ ឆ្នាំសិក្សា២០២៤-២០២៥ ជំនាន់ទី២២ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រងរងគ្រប់ជំនាញរបស់សាកលវិទ្យាល័យវេស្ទើន ដែលរៀបចំនៅទីតាំងទួលគោក និងស្ទឹងមានជ័យ ដែលមាននិស្សិតជិត២,០០០នាក់។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងថា ការខិតខំប្រឹងប្រែងរៀនសូត្រនៅសាកលវិទ្យាល័យ ឬការចុះឈ្មោះចូលរៀននៅថ្នាក់ ឧត្តមសិក្សានេះ ជាការចាប់ផ្តើមផ្លូវថ្មីមួយទៀត បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ នៅកម្រិតវិទ្យាល័យ១២ឆ្នាំឆ្នាំ ដូចនេះប្អូនៗ ដែលបានចូលបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនេះ គឺជាការបើកទំព័រ ជីវិតជានិស្សិត ដែលត្រូវបន្តការ សិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញបត្ររង ដើម្បីមានជំនាញអាជីពមួយសម្រាប់រកការងារមួយដែលមានប្រកបដោយចំណេះជំនាញ និងប្រាក់ខែល្អ ដែលស្របទៅតាមចក្ខុវិស័យឆ្នាំ២០៥០ ដែលប្រជាជនម្នាក់ៗមានប្រាក់ចំណូលខ្ពស់ គឺផ្តើមចេញពីការរៀនសូត្រ។

ប្រធានក្រុមប្រឹក្សាភិបាលអះអាងថា «កម្ពុជាយើងត្រូវការអ្នកមានចំណេះដឹង អ្នកមានជំនាញ អ្នកមានសមត្ថភាពពិតប្រាកដ ដើម្បីយកទៅបម្រើដល់ការអភិវឌ្ឍរីកចម្រើន ញ៉ាំងឲ្យប្រទេសរុងរឿងដើរទៅមុខជឿនលឿន ពិសេសធ្វើឲ្យប្រជាពលរដ្ឋយើងមានជីវភាពកាន់តែល្អប្រសើរឡើង ស្ថិតក្រោមម្លប់សន្តិភាពដែលដឹកនាំដោយរាជរដ្ឋាភិបាលដ៏ល្អរបស់យើង។ ដូច្នេះសូមប្អូនៗកូនក្មួយទាំងអស់ ត្រូវតាំងចិត្តខិតខំរៀសូត្រតស៊ូ ប្រឹងប្រែងព្យាយាមកុំបោះបង់ ព្រោះគុណតម្លៃរបស់មនុស្សយើងមុនគេ គឺកម្រិតចំណេះដឹងនេះឯង។ ត្រូវតស៊ូរៀនឲ្យខ្លាំងក្លាយជាសិស្សពូកែមានសមត្ថភាព ដើម្បីក្លាយជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដឹកនាំបន្តវេន និងបណ្ដុះបណ្ដាលកូនចៅជំនាន់ក្រោយឲ្យក្លាយជាបញ្ញវន្តគ្រប់ៗគ្នា»

ឆ្លៀតក្នុងឱកាស នៃពិធីបើកបវេសនកាលនេះ ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើន បានជួបជុំ និងរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតទាំង៣វេន និងរៀបចំព្រមៗគ្នាទាំង២ទីតាំងគឺនៅទីតាំងទួលគោក និងទីតាំង ស្ទឹងមានជ័យ ដើម្បីជួបជាមួយនិស្សិតដែលបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យវេស្ទើន ក្នុងគោលបំណងចង់ឲ្យនិស្សិតទទួលបានព័ត៌មានអំពីការសិក្សានៅសាកលវិទ្យាល័យ របៀបរៀនសូត្រ និងការចាប់ផ្តើមជានិស្សិត គោលបំណងសំខាន់នោះគឺចង់ឲ្យនិស្សិតមានមូលដ្ឋានក្នុងការត្រៀមខ្លួនមុនពេលចូលរៀននៅថ្នាក់ឧត្តមសិក្សា៕