(ភ្នំពេញ)៖​ ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្ររំចង់ តែងតែស្ម័គ្រចិត្តរួមគ្នាបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកផ្គត់ផ្គង់តម្រូវការឈាមជាចាំបាច់ ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងអ្នកជំងឺ ក្នុងការព្យាបាលអោយបានទាន់ពេលវេលា។

ជាមួយគ្នានេះ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤, ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្ររំចង់ ចំនួន២៩នាក់ បានរួមគ្នាស្ម័គ្រចិត្តបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមរាជធានីភ្នំពេញ ក្នុងឱកាសគម្រប់ខួប ២៩ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្ត្ររំចង់។

ទន្ទឹមនឹងនេះ គណៈគ្រប់គ្រង និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ឲ្យចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យ ដែលត្រូវការឈាមជាចាំបាច់។

នាឱកាសគម្រប់ខួប ២៩ឆ្នាំ របស់មន្ទីរពេទ្យ, គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ បានធ្វើការថ្លែងអំណរគុណដល់អតិថិជនជាតិ និងអន្តរជាតិទាំងអស់ ដែលជានិច្ចជាកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើសរំចង់ ដ្បិតមន្ទីរពេទ្យនេះ ជាពេទ្យធ្មេញប្រចាំគ្រួសាររបស់អស់លោកអ្នកជារៀងរហូតមក។

ជាថ្មីម្ដងទៀត ក្រុមការងារ និងបុគ្គលិកទាំងអស់ បានប្រសិទ្ធពរជ័យ បវរសួស្តី ជូនដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ក្នុងឨកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ ឱ្យជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕