(ភ្នំពេញ)៖ កីឡាករសំខាន់ៗ ២រូប របស់ក្រុមជម្រើសជាតិកម្ពុជា គឺប្រធានក្រុម កាន់ ម៉ូ និង គឹម សុខយុទ្ធ បានរងរបួសយ៉ាងដំណំ ក្នុងជំនួបដ៏តានតឹង រវាងក្រុមគោព្រៃ និងក្រុមជម្រើសជាតិសិង្ហបុរី កាលពីយប់មិញ ដែលបញ្ចប់ដោយលទ្ធផលក្រុមម្ចាស់ផ្ទះ ទទួលបានជ័យជម្នះ ២-១ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ពូលA ។

ការប្រកួតនៅពហុកីឡដ្ឋានជាតិសិង្ហបុរីនេះ កម្ពុជាបានរបូត ២គ្រាប់ងាយៗ នៅដើមវគ្គទី១ ក្រោយការភ្លាត់ស្នៀតរបស់អ្នកចាំទី វីរៈ ដារ៉ា បង្កឲ្យកីឡាករសិង្ហបុរី Mahammad Faris Bin Ramli និងកីឡាករ Muhammad Shawal Bin Anuar ស៊ុតបញ្ចប់ទីម្នាក់ ១គ្រាប់ នៅនាទីទី៩ និងនាទី១៦ ។ បន្ទាប់មកកម្ពុជា ក៏បានព្យាយាមដាក់សម្ពាធជាខ្លាំង តែវាយបកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ សៀង ចន្ធា នៅនាទី៥៩ ។

ជុំវិញការរបូត ២គ្រាប់ដ៏ឆាប់រហួស ប្រៀបបានជាកាដូរសម្រាប់ក្រុមម្ចាស់ផ្ទះ ស្របពេលក្រុមគោព្រៃកម្ពុជា បានរៀបចំប្រព័ន្ធលេងដ៏ល្អ តែមិនអាចដណ្ដើមបាន ៣ពិន្ទុពីម្ចាស់ផ្ទះសិង្ហបុរីនេះ បានធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយ និងមិនអស់ចិត្តឡើយ ។ ក្នុងនោះមានអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិផ្សេងៗ ចំពោះការបង្កកំហុសរបស់ វីរៈ ដារ៉ា តែក៏មានអ្នកគាំទ្រមួយចំនួន បានផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តសម្រាប់ត្រៀមការប្រកួតនៅសល់ ។

ក្រឡេកមកចាប់អារម្មណ៍ស្ថានភាពក្រុមគោព្រៃ កំឡុងការប្រកួតដ៏តានតឹងខាងលើ មានកីឡាករកម្ពុជា ២រូប បានរងរបួសយ៉ាងដំណំ ក្នុងនោះប្រធានក្រុម កាន់ ម៉ូ បន្ទាប់ពីប៉ះទង្គិចផ្នែកក្បាល(Head Consussion)ជាមួយខ្សែការពារសិង្ហបុរី បានរងរបួសទាមទារការដេរ ១០ថ្នេរ និងសម្រាកតាមដានស្ថានភាពបន្ដ ។ រីឯកីឡាករ គឹម សុខយុទ្ធ បានរងរបួសសរសៃពួរ (Hamstring) ត្រូវបានស្កេន និងត្រូវត្រួតពិនិត្យស្ថានភាពបន្ដដោយក្រុមគ្រូពេទ្យ ។ អ្នកទាំងពីរ ក៏ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធ និងក្រុមការងារជម្រើសជាតិផងដែរ ។

គួរដឹងថា ក្រោយឆ្លងកាត់ ២ប្រកួតស្មើ ១ និងចាញ់ ១ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា នៅសល់ឱកាសតិចតួចបំផុត ក្នុងការប្រជែងកៅអីវគ្គបន្ដ ។ បច្ចុប្បន្នក្នុងពូលA ម៉ាឡេស៊ី កំពុងឈរកំពូលតារាងមាន ៤ពិន្ទុ (នៅសល់ ២ប្រកួត) គ្រាដែលថៃ និងសិង្ហបុរី រកបាន ៣ពិន្ទុស្មើគ្នា(នៅសល់ ៣ប្រកួត) នាំមុខកម្ពុជា ដែលទើបរកបាន ១ពិន្ទុ តែនៅសល់ត្រឹម ២ប្រកួត ។ ចំពោះ ២ប្រកួតចុងក្រោយម កម្ពុជា នឹងត្រូវជួបទីម័រខាងកើត នាថ្ងៃទី១៧ ខែធ្នូ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ និងមុនម្ចាស់ថៃ នាថ្ងៃទី២០ ខែធ្នូ នៅទីក្រុងបាងកក ៕