(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានផ្ដល់ជូនរង្វាន់កុំព្យូទ័រជូនដល់សិស្សានុសិស្ស  ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៤៦រូប។ ការប្រគល់ជូននេះធ្វើឡើង ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្សឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ យកចំណេះជំនាញជាស្ពានជួយដល់ខ្លួនឯង, គ្រួសារ និងសង្គមជាតិនាពេលអនាគត។

ការប្រគល់ជូននេះធ្វើឡើងក្រោម ការចូលរួមពីលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី រៀបចំឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះក៏មានការចូលរួមពី អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូប។

លោក សុខ វឿន បានថ្លែងឲ្យដឹងថា កម្មវិធីប្រគល់កុំព្យូទ័រជូនដល់សិស្សានុសិស្សនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា ការផ្ដល់ជូននេះជាការលើកទឹកចិត្ត និងជំរុញដល់សិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ចំពោះរង្វាន់ជាកុំព្យូទ័រនេះ ជារង្វាន់មួយដែលផ្ដល់ជូនសិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្របន្ដ នៅពេលដែលពួកគាត់ទាំងអស់ បានចូលក្នុងសកលវិទ្យាល័យ។

លោកបានបន្ថែមថា គុណតម្លៃរបស់ LOLC គឺការអប់រំ។ ការអប់រំមិនសម្រាប់តែសិស្សានុសិស្សនោះទេ បុគ្គលិករបស់ LOLC ផ្ទាល់ក៏ផ្ដោតលើការអប់រំផងដែរ ព្រោះការអប់រំជាអាវុធដ៏មានប្រសិទ្ធិភាពបំផុត ដើម្បីកែប្រែពិភពលោកឈានដល់ការអភិវឌ្ឍន៍ផ្សេងៗ។ ដូចគ្នាសម្រាប់សិស្សនុសិស្ស កាលណាពួកគាត់មានចំនេះដឹងល្អ នោះការអភិវឌ្ឍន៍ខ្លួននៅពេលអនាគត ក៏កាន់តែល្អ ពិសេសអភិវឌ្ឍន៍សង្គមជាតិឆ្ពោះទៅមុខ។

យុវសិស្ស អ៊ិន ណារី សិស្សនិទ្ទេស A មកពីខេត្តសៀមរាប បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ LOLC ដែលបានផ្ដល់កាដូលើកទឹកចិត្ត និងស្នើសូមដល់ក្រុមហ៊ុនឲ្យបង្កើតកម្មវិធីនេះ ជូនដល់ប្អូនៗជំនាន់ក្រោយៗផងដែរ។

កញ្ញាបានបន្ដថា ជាការពិតការផ្ដល់ជូនរបស់ LOLC ដល់សិស្សនិស្សិតនេះ ពិតជាមានសារៈសំខាន់ មែនទែនព្រោះថា ជាធម្មតានៅពេលរៀនចប់ថ្នាក់វិទ្យាល័យ ឈានចូលសកលវិទ្យាល័យតែងតែត្រូវការ ឧបករណ៍នានាដូចជាកុំព្យូទ័រជាដើម ដើម្បីន្ថែមភាពងាយស្រួលក្នុងការសិក្សា។

កញ្ញាបានបន្ដថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយខ្ញុំចង់ឲ្យ LOLC បន្ដធ្វើបែបនេះដល់ប្អូនជំនាន់ក្រោយទៀត ដើម្បីឲ្យពួកគាត់ទទួលបានដូចពួកយើងនាពេលនេះ ព្រោះនេះជាការលើកទឹកចិត្តមួយផ្នែកលើការសិក្សារបស់សិស្ស»

លោក នេត សារ៉ាន់ ជាអាណាព្យាបាលសិស្សមកពីខេត្តសៀមរាប បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាសប្បាយចិត្តមែនទែន និងមាន មោទកភាព ចំពោះកូនស្រីដែលបានប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននិទ្ទេស A និងសូមថ្លែងអំណរគុណដល់ចំពោះ LOLC ដែលបង្កើតកម្មវិធីនេះឡើងក្នុងការផ្តល់រង្វាន់ជាការលើកទឹកចិត្តយ៉ាងធំធេង ដល់សិស្សនិទ្ទេស A ទាំងអស់ រង្វាន់នេះមិនត្រឹមតែលើកទឹកចិត្ដ ដល់ពួកគាត់នោះទេ ថែមទាំងផ្ដល់ភាពងាយស្រួលមួយផ្នែក ក្នុងការសិក្សាផងដែរ»