(បរទេស)៖ អារ៉ាប៊ីសាអូឌីត បានដាក់ឱ្យដំណើរការរថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូសែនជាលើកដំបូងរបស់ខ្លួន ដែលជាជំហានឆ្ពោះទៅរកការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

រថយន្តក្រុងនេះ អាចធ្វើដំណើរបានចម្ងាយ ៦៣៥គីឡូម៉ែត្រសម្រាប់ថាមពលពេញលេញ ហើយវាបានដាក់ឲ្យដំណើរការជារៀងរាល់ថ្ងៃរវាងទីក្រុង Dammam និង Al-Ahsa ដែលមានចម្ងាយ ៣៥៩ គីឡូម៉ែត្រ។

ការដាក់ឲ្យដំណើរការរថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូសែននេះ វាស្របតាមចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌីត ដែលមានបំណងកាត់បន្ថយការបំភាយកាបូន និងលើកកម្ពស់ការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន។

ព្រះអង្គម្ចាស់ Saud bin Talal bin Badr បានសម្ពោធសេវាកម្មសាកល្បង ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទ្រង់ចំពោះដំណោះស្រាយប្រកបដោយនិរន្តរភាពក្នុងការដឹកជញ្ជូន។

ចំពោះគម្រោងនេះផងដែរគឺមានការសហការជាមួយដៃគូផ្នែកឯកជនសម្រាប់ការផ្គត់ផ្គង់អ៊ីដ្រូសែន និងប្រតិបត្តិការ។

បន្ថែមពីលើរថយន្តក្រុងអ៊ីដ្រូសែនដែលទើបដាក់ឱ្យដំណើរការថ្មីៗនេះតភ្ជាប់ទីក្រុង Dammam និង Al-Ahsa អារ៉ាប៊ីសាអូឌីតគ្រោងនឹងដាក់ពង្រីកនៅក្នុងទីក្រុងផ្សេងទៀត រួមមានទីក្រុង Jubail, Makkah និង Yanbu៕