(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសកីឡាការ៉ាតេកម្រិតមធ្យមថ្នាក់ជាតិ ឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាពជំនាញបន្ថែម ដល់គ្រូបង្វឹក មកពីតាមបណ្ដាសមាគម/ក្លិបទ ឆ្ពោះទៅរកការអភិវឌ្ឍ និងពង្រឹងបន្ថែមលើការឯកភាពគ្នាផ្នែកបច្ចេកទេស ទាំងវិញ្ញាសាសម្ដែង និងប្រយុទ្ធ ។ នេះបើតាមការបញ្ជាក់របស់លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ ក្នុងពិធីបើកវគ្គ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

មន្ដ្រីសហព័ន្ធដដែល បានចាត់ទុកវគ្គបណ្ដុះបណ្ដាល គឺជាវគ្គសិក្សាមួយដ៏មានសារៈសំខាន់ សម្រាប់គ្រូបង្វឹកទាំងអស់ នៅក្នុងវិស័យកីឡាការ៉ាតេ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងបច្ចេកទេស សម្រាប់យកទៅអភិវឌ្ឍន៍លើការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី តាមបណ្ដាសមាគម/ក្លិប ។ ការណ៍នេះ លោកបានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សាស្វែងយល់ ក៏ដូចជាដកស្រង់បទពិសោធន៍ និងចំណេះដឹងពីគ្រូឧទ្ទេស ដែលសុទ្ធតែជាព្រឹទ្ធារចារ្យ និងមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យកីឡាការ៉ាតេ ។

អគ្គលេខាធិការរងសហព័ន្ធខាងលើ បន្ដថា «នេះជាវគ្គសិក្សាមួយ ដែលមានសារៈសំខាន់ សម្រាប់គ្រូបង្វឹកទាំងអស់ នៅក្នុងកីឡាការ៉ាតេ តាមបណ្ដាក្លិប សមាគម និងអ្នកលេងកីឡាការ៉ាតេទាំងអស់ ។ ខ្ញុំយល់ថា ការបណ្ដុះបណ្ដាលគ្រូបច្ចេកទេសនេះ បានឆ្លុះបញ្ចាំងនូវឆន្ទៈ និងការលះបង់របស់សិក្ខាកាមទាំងអស់ ដើម្បីមកទទួលនូវចំណេះដឹង បង្កើនសមត្ថភាព ទេពកោសល្យ គុណវឌ្ឍន៍ និងបច្ចេកទេសុទ្ធសាធ តាមរយៈការសិក្សារៀនសូត្រ ហើយយើងអាចឯកភាពគ្នា នៅលើកម្រិតនៃបច្ចេកទេសដូចៗគ្នាទាំងសម្ដែង និងប្រយុទ្ធ»

ការរៀបចំនេះ ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ប្រមុខថ្នាក់ដឹកនាំប្រធានសហព័ន្ធ ក្នុងការបណ្ដុះបណ្ដាល និងពង្រឹងនូវធនធានមនុស្ស ទាំងបរិមាណ គុណភាព និងសមត្ថភាព ពិសេសធនធានគ្រូបង្វឹក ដែលជាបុគ្គលដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាការ៉ាតេប្រកបដោយចីរភាព ។ ដូច្នេះទោះបីមានរយៈពេលខ្លី តែលោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមដែលចូលរួមវគ្គនេះ នឹងទទួលបាននូវចំណេះដឹងថ្មីៗ សម្រាប់យកទៅអនុវត្តនៅតាមសាលាគុន ក៏ដូចជាសមាគម/ក្លិបរៀងៗខ្លួន ។ លោក ណុប វណ្ណថារ៉ូ បន្ថែម ។

យោងតាមរបាយការណ៍លោក ដែក ភារៈ អគ្គលេខាធិការរង និងជាគ្រូជំនួយជម្រើសជាតិ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមសរុប ៤០នាក់ មកពី ៤០សាលាគុន និងសមាគម/ក្លិប ។ ចំពោះការសិក្សាបែងចែកជា ៣ រួមមាន ១. គរុកោសល្យនៃការបង្ហាត់កីឡាការ៉ាតេ របៀបនៃការរៀបចំការប្រកួត និងពូលប្រកួត, ២.ការពន្យល់អំពីបច្ចេកទេសគ្រឹះ និងកាតា និង ៣.ការពន្យល់អំពីបច្ចេកទេសប្រយុទ្ធ ៕