(ស្វីស)៖ ជាផ្លូវការ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានសម្រេចថា ព្រឹត្តិការណ៍បាល់ទាត់ផ្នែកបុរស FIFA World Cup 2034 នឹងត្រូវធ្វើនៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ជាសហម្ចាស់ផ្ទះរួមដើម្បីរៀបចំព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ នៅឆ្នាំ២០៣០ ។ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំបោះឆ្នោតរបស់ FIFA កាលពីថ្ងៃពុធ។

ជាមួយគ្នានោះដែរ FIFA World Cup 2030 ដែលមានសហម្ចាស់ផ្ទះរួមគ្នារវាងអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក និងមានការលេង ៣ប្រកួតត្រូវរៀបចំនៅប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ដែលជាការប្រកួតដើម្បីប្រារព្ធខួប ១០០ឆ្នាំ នៃការប្រកួតដណ្តើមជើងឯកពិភពលោកនេះ ។

សូមជម្រាបផងថា សម្រាប់អារ៉ាប៊ីសាអូឌីត បានត្រៀមកីឡដ្ឋានចំនួន១៥ ដើម្បីរៀបចំទទួលការប្រកួត ខណៈមាន ៤កីដ្ឋានត្រូវបានកំពុងសាងសង់ ដ្បិតពេលវេលានៃការរៀបចំមិនទាន់បានសម្រេចជាផ្លូវការនោះទេ សម្រាប់ FIFA World Cup 2034 ខណៈឆ្នាំ២០៣០ គ្រោងរៀបចំលេងពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ។

បញ្ជាក់ផងថា FIFA World Cup 2026 ដែលមានសហម្ចាស់ផ្ទះរួមគ្នារវាង សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា និងរៀបចំពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ដែលនិងមាន ៤៨ប្រទេស មកពី ៦សហព័ន្ធចូលរួម៕