(បរទេស)៖ នាយករដ្ឋមន្ត្រីនៃប្រទេស Bhutan លោក Tshering Tobgay តាមរយៈកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC នៅថ្ងៃទី១០ ខែឧសភាកន្លងទៅ បានឲ្យដឹងថា ប្រទេសរបស់លោកអាចនឹងពិចារណាឡើងវិញនូវកាតព្វកិច្ចបង់ថ្លៃប្រចាំថ្ងៃសម្រាប់ភ្ញៀវទេសចរណ៍ ដែលមានតម្លៃ ១០០ដុល្លារក្នុងម្នាក់នាពេលបច្ចុប្បន្ន ប្រសិនបើឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះងើបឡើងវិញក្នុងពេលឆាប់ៗនេះ ពោលគឺថ្លៃ​សេវា​ ទំនង​ជា​ឡើង​ខ្ពស់​ជាង​នេះ។

ប្រទេស Bhutan ត្រូវបានគេដឹងថា បើកព្រំដែនរបស់ខ្លួនឡើងវិញ ក្នុងខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងការកើនឡើង «ថ្លៃសេវាសម្រាប់ទ្រទ្រង់ការអភិវឌ្ឍប្រកបដោយចីរភាព» ចំនួន២០០ដុល្លារប្រចាំថ្ងៃសម្រាប់មនុស្សម្នាក់។ តែយ៉ាងណា កាលពីឆ្នាំ២០២៣ ប្រទេសនេះបានបញ្ចុះថ្លៃសេវាដើម្បីទាក់ទាញអ្នកធ្វើដំណើរឱ្យស្នាក់នៅបានយូរ ពោលគឺបន្ថយមកនៅត្រឹម ១០០ដុល្លារ។ ថ្លៃសេវាប្រចាំថ្ងៃបច្ចុប្បន្ន ១០០ដុល្លារ សម្រាប់មនុស្សពេញវ័យ និង ៥០ដុល្លារសម្រាប់កុមារដែលមានអាយុពី៦ ទៅ ១២ឆ្នាំនោះ ត្រូវបានពិពណ៌នាថាជា «ការលើកទឹកចិត្តមានពេលកំណត់» ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៧។ នេះបើយោងតាមនាយកដ្ឋានអន្តោប្រវេសន៍របស់ប្រទេស Bhutan។ ទោះជាយ៉ាងណាក៏ដោយ លោក Tobgay បានអះអាងថា ចំនួនថ្លៃសេវាអាចផ្លាស់ប្តូរមុនកាលបរិច្ឆេទនេះ។

លោក Tobgay បាននិយាយថា «យើងនឹងមានកូតានៃអ្នកទេសចរណ៍ ៣០០,០០០នាក់ ហើយប្រសិនបើចូលមកប្រទេស Bhutan ដើម្បីទស្សនាយើងស្វាគមន៍ ពេលនោះយើងប្រហែលជាត្រូវបង្កើនថ្លៃសេវាប្រកបដោយនិរន្តរភាពនៅពេលនោះ»។ លោក​បាន​បន្ថែម​ថា​ «​នោះ​នឹង​ក្លាយជា​ការ​អភិវឌ្ឍ​ដែល​គួរ​ឲ្យ​ស្វាគមន៍​»។ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ កំពុងងើបឡើងវិញយឺតបើប្រៀបធៀបនឹងប្រទេសដទៃទៀតនៅអាស៊ី។ នាយករដ្ឋមន្ត្រីប្រទេសនេះ មាន​ប្រសាសន៍​បន្ថែមថា «ពេល​ដែល​យើង​ចាប់​ផ្តើម​ធ្វើ​ទីផ្សារ​ក្នុង​ប្រទេស​របស់​យើង និង​អ្វី​ដែល​អាច​ប្រើ​បាន… ខ្ញុំ​គិត​ថា​នឹង​មាន​អ្នក​ដំណើរ​ទៅ​លេង​ប្រទេស Bhutan ឡើងវិញ»។ Bhutan បានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៣១៥,៥៩៩នាក់ ក្នុងឆ្នាំ២០១៩ ដែលក្នុងនោះ ៧៣% មកពីប្រទេសឥណ្ឌា។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយដោយក្រុមប្រឹក្សាទេសចរណ៍នៃប្រទេស Bhutan។ លោក Tobgay បានប្រាប់ CNBC កាលពីឆ្នាំមុនថា ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរប្រហែល ១៣០,០០០នាក់ ។

លោកបានមានប្រសាសន៍បន្ថែមថា «និយាយឱ្យត្រង់ទៅ ខ្ញុំគិតថា ២០០ដុល្លារក្នុងមួយថ្ងៃ ជាថ្លៃទ្រទ្រង់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលភ្ញៀវទេសចរជាច្រើនសុខចិត្តចំណាយ ជាពិសេសនៅពេលដែលភ្ញៀវដឹងថា ប្រាក់ចំណូលពីថ្លៃសេវានេះ ត្រូវបានប្រើប្រាស់ដើម្បីការពារបរិស្ថានធម្មជាតិរបស់យើង។ ជាពិេសសសម្រាប់ ការអប់រំនិងការថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋយើង»

លោក Tobgay បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា «អ្នកទេសចរភាគច្រើនមានសេចក្តីសោមនស្សរីករាយ ដែលពួកគេអាចដើរតួជាផ្នែកតូចមួយ ដ៏មានអត្ថន័យក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃប្រទេស Bhutan»