(ពោធិ៍សាត់)៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីពង្រីកបេសកកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្តល់នូវដំណោះស្រាយធនាគារ ដែលមានភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍ នៅទូទាំងប្រទេសកម្ពុជា។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងពោធិ៍សាត់ ដែលផ្តល់នូវសេវាកម្មធនាគារពេញលេញ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុទៅដល់អតិថិជនទូទៅ ម្ចាស់អាជីវកម្ម និងប្រជាជនក្នុងសហគមន៍ទាំងមូលតែម្តង។

ពិធីនេះប្រព្រឹត្តិទៅយ៉ាងអធិកអធម ក្រោមវត្តមានឥស្សរជនជាច្រើនរូបរួមមាន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក សេង ផល្លា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់ តំណាងលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

លោក Dmytro Kolechko តំណាងធនាគារ វីង បានលើកឡើងថា «នៅធនាគារ វីង យើងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុ ក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរសាខាខេត្តពោធិ៍សាត់ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបេ្តជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ងាយស្រួលប្រើប្រាស់ដែលជួយអតិថិជន មិនថាអតិថិជនម្នាក់ៗ ម្ចាស់អាជីវកម្ម ព្រមទាំងសហគមន៍មូលដា្ឋនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ហើយមានចម្ងាយប្រហែល១៥០ម៉ែត្រប៉ុណ្ណោះ ពីស្ពានថ្មពោធិ៍សាត់ សាខាថ្មីនេះគឺជាការិយាល័យទី២៣ហើយរបស់ធនាគារ វីង ដែលជាការពង្រីក សេវាកម្មធនាគារបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះនឹងជួយបំពេញបន្ថែមលើបណ្តាញភ្នាក់ងារដ៏ធំទូលាយរបស់ធនាគារ វីង ដែលមានស្រាប់ជាង ១១.០០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា ដោយបង្កើតបាននូវមធ្យោបាយ ដ៏រឹងមាំក្នុងការផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជន។ តាមរយៈការរួមបញ្ចូលសាខាថ្មីនេះ ជាមួយនឹងបណ្តាញភ្នាក់ងារដ៏ទូលំទូលាយ ធនាគារ វីង ជឿជាក់យ៉ាងមុតមាំថាសេវាកម្មរបស់ខ្លួន នឹងផ្តល់នូវភាពស្រួលទៅដល់សហគមន៍ ទោះស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ។

លោក Dmytro Kolechko បានបន្តថា «សាខាខេត្តពោធិ៍សាត់ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យបានកាន់តែប្រសើរថែមទៀត នៅក្នុងប្រទេសកម្ពុជា។ តាមរយៈការនាំយកសេវាកម្ម ក៏ដូចជាដំណោះស្រាយឌីជីថលខិតទៅកាន់តែជិតសហគមន៍ យើងខ្ញុំនឹងអាចជួយឱ្យអតិថិជនគ្រប់រូប ក៏ដូចជាម្ចាស់អាជីវកម្មរីកលូតលាស់កាន់តែខ្លាំង នៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ»

ការពង្រីកខ្លួននៅក្នុងខេត្តពោធិ៍សាត់របស់ធនាគារ វីង បង្ហាញពីគោលជំហរបស់ខ្លួន ក្នុងនាមជាធនាគារនាំមុខគេនៅក្នុងវិស័យធនាគារឌីជីថល ក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះ ដែលមានគាំទ្រដោយបណ្តាញភ្នាក់ងារវីងដ៏ទូលំទូលាយ នឹងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដែលជួយឱ្យអតិថិជនទូទៅ និងអាជីវកម្ម អាចសម្រេចគោលដៅហិរញ្ញវត្ថុកាន់តែ មានប្រសិទ្ធភាពថែមទៀត។

លោក Dmytro Kolechko បានបញ្ជាក់ថា «យើងខ្ញុំពិតជាមានក្តីរំភើបរីករាយ ក្នុងការបម្រើជូនសហគមន៍ខេត្តពោធិ៍សាត់ នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែរលូន។ ជាមួយវត្តមានសាខាថ្មីនេះ យើងខ្ញុំកាន់តែពង្រឹងគោលជំហរ ដើម្បីដើរតួជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្ត សំដៅជំរុញការអភិវឌ្ឍអនាគតវិស័យធនាគារ នៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងជាលំដាប់»