(ភ្នំពេញ)៖ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានប្រកាសរៀបចំសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណ ដល់គ្រូបង្វឹកកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ ដើម្បីត្រៀមលក្ខណៈចូលរួម និងរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ខាងមុខ ។
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការអនុញ្ញាតជាគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សហព័ន្ធបានអញ្ជើញគ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណ តាមបណ្ដាលសមាគម/ក្លិប របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា សហព័ន្ធយុទ្ធគុនចម្រុះកម្ពុជា សហព័ន្ធកីឡាចំបាប់បុរាណកម្ពុជា និងគ្រូបង្វឹកតាមអង្គភាពកងទ័ពនៃក្បាច់គុនកងយោធពលខេមរភូមិន្ទ ព្រមទាំងគ្រូបង្វឹកមកពីតាមភូមិ ស្រុក និងខេត្ត ចូលរួមវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណខាងលើ ។
សម្រាប់វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណនេះ គ្រោងនឹងរៀបចំនៅថ្ងៃទី០៩-១១ ខែមករា ឆ្នាំ២០២៥ នៅសាលាកីឡាគុណធម៌ ផ្លូវម៉ៃដា (២០០៤) ក្បែរត្ដុបវត្តអង្គតាមិញ ។ ដូច្នេះសម្រាប់គ្រូបង្វឹកមានបំណងចូលរួមវគ្គសិក្សានេះ អាចចុះឈ្មោះពីចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ដោយក្នុងមួយក្លិប ឬមួយអង្គភាពកងទ័ពរ ឬមួយក្រុមមហាជន អនុញ្ញាតឲ្យចុះឈ្មោះគ្រូបង្វឹកបានតែម្នាក់ប៉ុណ្ណោះ សម្រាប់គ្រូបង្វឹកដែលកំពុងបង្ហាត់ជារៀងរាល់ឆ្នាំ ។ សម្រាប់គ្រូបង្វឹកមកពីខេត្តឆ្ងាយ! ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក៏នឹងទទួលបានការឧបត្ថម្ភថវិកា និងការស្នាក់នៅ ហូបចុក តាមគម្រោងថវិកាបានកំណត់ទៀតផង ។
លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការរៀបចំកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» (គ.ច.យ.ខ.ព) បានឲ្យដឹងថា វគ្គនេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សបន្ថែម ក្នុងវិស័យយុទ្ធគុនខ្មែរបុរាណ ដោយផ្ដោតលើ ៥ចំណុចសំខាន់ៗ រួមមាន៖ ១. ការរៀបចំបច្ចេកទេសមូលដ្ឋានយុទ្ធគុនខ្មែរបុរាណ, ២.ការរៀបចំបច្ចេកទេសប្រកួតពិសេសយុទ្ធគុនខ្មែរបុរាណ, ៣. ការរៀបចំគុណភាពកម្លាំងកាយ, ៤. ការរៀបចំចិត្តសាស្ដ្រ និងស្មារតីប្រយុទ្ធ និង ៥. ការរៀបចំផែនការហ្វឹកហាត់ជាដើម ។
លោកបន្ដថា ការរៀបចំសិក្ខាសាលាខាងលើ គឺដើម្បីធានាបាននូវការត្រៀមខ្លួនកាន់តែប្រសើរ សម្រាប់ការត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ គ្រោងនឹងរៀបចំការប្រកួតនាថ្ងៃទី១៧-១៩ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីការរៀបចំលើកដំបូង ក្រោមគំនិតផ្ដួចផ្ដើមរៀបចំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី បានប្រព្រឹត្តដោយជោគជ័យយ៉ាងត្រចះត្រចង់ កាលពីចន្លោះថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងកន្លងទៅ ៕