(បរទេស)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា​ រដ្ឋាភិបាលអូស្រ្តាលីនឹងបង្ហាញច្បាប់ថ្មីក្នុងសប្តាហ៍នេះ ដែលអាចនឹងដាក់ពិន័យលើក្រុមហ៊ុន Big Tech ប្រសិនបើពួកគេបដិសេធមិនបន្តបង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីសម្រាប់មាតិកាព័ត៌មានដែលបង្ហោះនៅលើវេទិការបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

របាយការណ៍បានគូសបញ្ជាក់ថា នៅក្រោមច្បាប់ថ្មីដែលបានស្នើឡើង ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណាដែលបដិសេធមិនចរចាជាមួយអ្នកបោះពុម្ភផ្សាយ ឬដកព័ត៌មានចេញពីវេទិការបស់ខ្លួនដូចដែលមេធំ Facebook, Meta បានធ្វើកន្លងមកនៅក្នុងប្រទេសកាណាដានោះ នឹងត្រូវបង្ខំឱ្យបង់ប្រាក់ជាកំហិតដោយមិនគិតពីអ្វីទាំងអស់។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិ​ននឹងច្បាប់ថ្មីនេះទាំង ការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលីលោកស្រី Michelle Rowland, Meta និង Google មិនមានការឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយពី Reuters នោះទេ។

គួរជម្រាប​ថា ប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០២១ បានអនុម័តច្បាប់ដើម្បីធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកដូចជា Alphabet ដែលជាមេធំរបស់ Google និង Meta ផ្តល់សំណងដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួនសម្រាប់តំណភ្ជាប់ដែលជំរុញអ្នកអាន - និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម - ទៅកាន់វេទិការបស់ពួកគេ។ ក្នុងច្បាប់នោះបានកំណត់ថា រដ្ឋាភិបាលមានអំណាចកំណត់ថ្លៃពិន័យ ប្រសិនបើការចរចាបរាជ័យ។ ជាក់ស្តែង Meta បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីមួយចំនួន រួមទាំង News Corp និងទូរទស្សន៍ជាតិ Australian Broadcasting Corp ប៉ុន្តែចាប់តាំងពីពេលនោះមកបាននិយាយថា ខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងនោះលើសពីឆ្នាំ ២០២៤ ទេ៕