(ភ្នំពេញ)៖ តារាចម្រៀង និងសម្ដែងល្បីឈ្មោះយូរឆ្នាំ និងកំពុងតែមមាញឹកនឹងការងារសិល្បៈ ជាពិសេសការទទួលកម្មវិធីច្រៀងតាមមង្គលការនានា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ លោក អេឡិច ច័ន្ទត្រា បានឆ្លៀតពេលយកថ្ងៃខ្លួនកំណើតរបស់ខ្លួន ពង្រីកការងារជំនួញថ្មីមួយបន្ថែមទៀត គឺការក្លាយខ្លួនជាអ្នកតំណាងឲ្យផលិតផល ឬទូតសុឆន្ទៈ (Brand Ambassador) តែគុជ The Alley Cambodia ដែលធ្វើឲ្យលោកមានឱកាសនៅក្នុងការពង្រឹងកេរ្តិ៍ឈ្មោះកាន់តែរឹងមាំ ក្នុងអាជីពសិល្បៈ និងជំនួញ ស្របពេលទីផ្សារសិល្បៈហាក់ហក់ឡើងវិញគួរឲ្យកត់សម្គាល់។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងលោក អេឡិច ច័ន្ទត្រា តំណាងឲ្យក្រុមហ៊ុន Alex Entertainment Agency និង The Alley Cambodia តំណាងដោយលោក លី ដេវីដ ជានាយកប្រតិបត្តិក្រុមហ៊ុន បានធ្វើឡើងនៅសណ្ឋាគារ Sun and Moon Riverside Hotel នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាសម្ដែង-តារាចម្រៀង សិល្បករ-សិល្បការិនីរួមជំនាន់ និងសហការីរបស់ក្រុមហ៊ុនជាច្រើននាក់។
តារាចម្រៀងលោក អេឡិច ច័ន្ទត្រា បានថ្លែងប្រាប់ Fresh News Plus ថា ថ្ងៃនេះលោកពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំង ដោយខុសប្លែកពីឆ្នាំខួបកំណើតរាល់ៗដង ព្រោះឆ្នាំនេះ លោកបានទទួលនូវកាដូមួយដ៏ធំ គឺការក្លាយជាអ្នកតំណាងផលិតផល ឬទូតសុឆន្ទៈឲ្យក្រុមហ៊ុន The Alley Cambodia ដែលហាក់បីដូចជាការដូអបអរសាទរថ្ងៃខួបកំណើត ហើយបានក្លាយជាការងារថ្មី ក្រៅពីការងារសិល្បៈ ដែលលោកកំពុងតែមានស្រាប់។
តារាចម្រៀងរូបនេះបន្តថា ការក្លាយខ្លួនជាអ្នកតំណាងថ្ងៃនេះ ជាភស្តុតាងមួយបង្ហាញឱ្យឃើញច្បាស់ អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុន The Alley Cambodia និងក្រុមហ៊ុន Alex Entertainment
Agency ហើយវត្តមានរបស់ក្រុមហ៊ុន The Alley Cambodia នៅក្នុងប្រទេសកម្ពុជា នៅពេលនេះ ក៏បានបង្ហាញអំពីការរីកចំរើន ភាពសំបូរបែបនៅក្នុងអាជីវកម្ម សហគ្រាសធន់តូច និងមធ្យម ជាពិសេស ផ្នែកផ្តល់សេវាភេសជ្ជៈ ជូនដល់អតិថិជនព្រមទាំងបានជួយបង្កើតការងារជូនយុវជនយើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។
លោក លី ដេវីដ នាយកប្រតិបត្តិក្រុមហ៊ុន The Alley Cambodia បានថ្លែងថា ក្រុមហ៊ុន The Alley Cambodia ដែលជាក្រុមហ៊ុនភេសជ្ជៈ Milk tea នាំចូលពីបរទេស មាន៤៥០ទីតាំង ក្នុង១៨ប្រទេស នៅជុំវិញពិភព
លោក និងមានគុណភាពខ្ពស់ ផ្ដោតលើការផ្តល់សេវាកម្មឆាប់រហ័ស និងធានាអនាម័យជាចំបង។ បច្ចុប្បន្នក្រុមហ៊ុនមានសាខានៅភ្នំពេញចំនួន ២កន្លែង និងកំពុងត្រៀមបើកសាខាជាច្រើន កន្លែងទៀតនៅភ្នំពេញ និងតំបន់គោលដៅសំខាន់ៗច្រើនទៀត ទូទាំងប្រទេសកម្ពុជា។
លោកសូមវាយតម្លៃខ្ពស់ចំពោះការលើកទឹកចិត្ត និងចូលរួមគាំទ្រ របស់បងប្អូនទាំងអស់។ លើសពីនេះទៀត លោកសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ នឹងជួយផ្សព្វផ្សាយ
ជូនដល់អតិថិជន មហាជន ជាពិសេសមិត្តយុវវ័យទាំងអស់ឲ្យបានស្គាល់ និងជួយគាំទ្រក្រុមហ៊ុន The Alley Cambodia កាន់តែខ្លាំងក្លាបន្ថែមទៀត។ លោកសូមអបអរសាទរដល់លោក អេឡិច ច័ន្ទត្រា ដែលត្រូវបានក្រុមហ៊ុន The Alley Cambodia ជ្រើសតាំងជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនចាប់ពីពេលនេះតទៅ៕