(បរទេស)៖ ប្រទេសស្វីសបានបោះជំហ៊ានទៅមុខ ដើម្បីក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដោយការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅតាមគន្លងផ្លូវរថភ្លើង។ គម្រោងប្រកបដោយភាពច្នៃប្រឌិតនេះ បង្កើតឡើងដោយក្រុមហ៊ុនធុរកិច្ចថ្មីមួយដែលមានឈ្មោះថា Sun-Ways និងបានទទួលការយល់ព្រមពីការិយាល័យដឹកជញ្ជូនសហព័ន្ធ (FOT) ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពប្រើប្រាស់នៅតាមបណ្តាញផ្លូវដែកនៅទូទាំងប្រទេស។
គំនិតផ្ដួចផ្ដើមគម្រោងដ៏ល្អនេះនឹងត្រូវប្រើពេលសាកល្បងរយៈពេល ៣ឆ្នាំ ហើយនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៥ ដោយនៅដំណាក់កាលនេះ មានបន្ទះស្រូបពន្លឺថាមពលព្រះអាទិត្យជិត ៥០ ត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយផ្លូវរថភ្លើង ដោយក្នុងនោះ TransN ដែលជាក្រុមហ៊ុនដឹកជញ្ជូនសាធារណៈក្នុងតំបន់ ជាអ្នកទទួលខុសត្រូវដំឡើង។
បន្ទះស្រូបពន្លឺថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន Sun-Ways ត្រូវបានគេទទួលស្គាល់ថា ជាបច្ចេកវិទ្យា Removable Solar Panel System តែមួយគត់ដែលប្លែកពីគេ ពោលគឺវាអាចយកទៅប្រើដើម្បីស្រូប និងផ្ដល់ថាមពលដែលមានលក្ខណៈពិសេសពីគេ ជាពិសេសគឺអាចប្រើជាមួយនឹងរថភ្លើង។
បន្ទះស្រូបពន្លឺថាមពលព្រះអាទិត្យត្រូវបានគេរំពឹងថា នឹងបង្កើតថាមពលពន្លឺព្រះអាទិត្យប្រហែល ១តេរ៉ាវ៉ាត់ម៉ោង (TWh) ក្នុងមួយឆ្នាំ ដែលអាចគ្របដណ្តប់ប្រហែល ២% នៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេសស្វីស។ បរិមាណនេះគឺមានសារៈសំខាន់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការថាមពលជិតមួយភាគបីសម្រាប់វិស័យដឹកជញ្ជូនសាធារណៈរបស់ប្រទេស។
តាមការសន្យាពីម្ចាស់គម្រោងបានឱ្យដឹងថា វានឹងជួយកាត់បន្ថយការបញ្ចេញកាបូនបានយ៉ាងច្រើនសន្ធឹក។ វាត្រូវបានគេប៉ាន់ប្រមាណថា ការប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើផ្លូវរថភ្លើងអាចប៉ះប៉ូវការបំភាយឧស្ម័ន CO2 ប្រហែល ២០០,០០០តោនក្នុងមួយឆ្នាំ ដែលស្មើនឹងការដករថយន្តដែលប្រើសាំងប្រហែល ៥០,០០០គ្រឿងចេញពីផ្លូវ។ លើសពីនេះ វាផ្តល់ទុនលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ កាត់បន្ថយតម្រូវការទិញដីសម្រាប់កសិដ្ឋានថាមពលព្រះអាទិត្យថ្មី។
ប្រសិនបើជោគជ័យ គម្រោងសាកល្បងនេះអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តកាន់តែទូលំទូលាយនៅទូទាំងបណ្តាញផ្លូវដែករបស់ប្រទេសស្វីស ដែលមានប្រវែងជាង ៥,៣០០គីឡូម៉ែត្រ។ Sun-Ways ស្រមៃថា គម្រោងស្រដៀងគ្នានេះអាចត្រូវបានអភិវឌ្ឍជាអន្តរជាតិ ដោយមានការចាប់អារម្មណ៍រួចហើយនៅក្នុងប្រទេសដូចជាអេស្ប៉ាញ រូម៉ានី និងកូរ៉េខាងត្បូង៕