(ភ្នំពេញ)៖ តារាចម្រៀងលោក ព្រាប សុវត្ថិ ដែលមានឋានន្តរសក្ដិថ្នាក់ «វរសេនីយន៍ឯក» បានស្នើសុំលាលែងចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ខណៈដែលសំណើនេះត្រូវបានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពយល់ព្រម កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងអនុក្រឹត្យនៃលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា «ត្រូវបានលាលែងចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារជា ឧកញ៉ា ដល់ វរសេនីយ៍ឯក ព្រាប សុវត្ថិ អត្តលេខ ០៤៨៦៩៤ នាយរងការិយាល័យទី៥ កងទ័ពជើងគោក»។

តារាចម្រៀងមានសំនៀងធ្ងន់ លោក ព្រាប សុវត្ថិ ​បានដាក់​ពាក្យ​បម្រើកងទ័ពនៅក្នុងឆ្នាំ១៩៩១ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាតបត្រ។ នៅក្នុង​ឆ្នាំ១៩៩២ លោក​បាន​ចូលធ្វើ​ទាហាន នៅ​អគ្គស្នងការ​នយោបាយ។ ក្នុង​ឆ្នាំ ១៩៩២ លោក​បាន​ចូលធ្វើ​ទាហាន នៅ​អគ្គស្នងការ​នយោបាយ ព្រាប សុវត្ថិ ឧស្សាហ៍ឡើង​ច្រៀង​ក្នុង​កម្ម​វិធី​ជប់លៀងផ្សេងៗ។ ដោយសារសំឡេងមានទឹកដមពីរោះ លោកក៏ត្រូវបាន​មិត្ត​ភ​ក្ដិណែ​នាំឲ្យទៅ​ចេញ​ច្រៀង​តាម​រង្គសាល និងតាម​បារ​​ហ្គា​ដេ​ននានា។

ក្នុង​ឆ្នាំ១៩៩៤ លោកបាន​ដើរ​ច្រៀង​តាម​ភោជនីយដ្ឋាន​ផ្សេងៗជាច្រើន ​ខណៈបាន​​តែ១​ឆ្នាំ លោក​ក៏បាន​ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម រស្មី​ហង្ស​មាស ក្នុង​ឆ្នាំ១៩៩៥ ពេលនោះ​ហើយ​ ដែលលោកបាន​បោះ​ជំហាន​ឈាន​ចូល​ក្នុង​វិស័យ​សិ​ល្បៈយ៉ាង​ពេញ​លេញជា​លើកដំបូង និងបានចេញ​បទ​ចម្រៀង​ជា​លើកដំបូង មានចំណងជើងថា «អូន​ជា​បេះដូង​បង»។ ក្រោយប្រកបអាជីពជាច្រើនឆ្នាំ និងបានចូលរួមឧបត្ថម្ភថវិកាដល់សង្គមជាតិ តារាចម្រៀង ព្រាប សុវត្ថិ ត្រូវព្រះមហាក្សត្រផ្ដល់គោរមងារជា «ឧក​ញ៉ា» នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២

សូមបញ្ជាក់ថា តារាចម្រៀងលោក ព្រាប សុវត្ថិ កើត​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ១៩៧៥ កំឡុង​ពេលដែល​កងទ័ពខ្មែរក្រហម ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ ១៩៧៥។ ក្រោយបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ក្នុង​ឆ្នាំ១៩៩១ លោកក៏បន្ត​ការសិក្សា​បរិញ្ញាបត្រ​ច្បាប់​ និង​សេដ្ឋកិច្ច​ នៅ​សកល​វិទ្យាល័យ​សេដ្ឋកិច្ច ក្នុងអំឡុង​ពេលនោះ​ លោក​បានដាក់​ពាក្យ​បម្រើកងទ័ពផងដែរ៕