(ភ្នំពេញ)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញមន្ដ្រីថ្នាក់ក្រោម តាមអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានចំណុះឲ្យក្រសួង ទាំងមន្ដ្រីស៊ីវិល និងកងកម្លាំង ចូលរួមលេងកីឡា ក៏ដូចជាការប្រកួតនានា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អ ជាងផ្ដោតលើលទ្ធផលឈ្នះ ឬចាញ់។
ការអំពាវនាវនេះធ្វើឡើងក្នុងពិធីប្រកាសជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈការប្រកួត គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ក្រោយទទួលបានការគាំទ្រ និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឲ្យដឹងថា «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ មានក្លិបបាល់ទាត់អគ្គស្នងការដ្ឋាន ក្លិបអគ្គលេខាធិការដ្ឋាន និងក្លិបអគ្គនាយកដ្ឋានសរុបចំនួន ១៤ក្រុមចូលរួមប្រកួត ក្នុងមានក្រុមថ្មីៗមួយចំនួន ខណៈបើធៀបនឹងការប្រកួតលើកទី១ មានការធ្លាក់ចុះ ១ក្រុម បន្ទាប់ពីក្លិបតំណាងអគ្គនាយកដ្ឋានមួយចំនួន បានដកខ្លួន ដោយសារមូលហេតុខ្វះកីឡាករ និងមន្ដ្រីមានវ័យចាស់ជាដើម។
ដោយសង្កេតឃើញក្រុមមួយចំនួន មិនបានចូលរួមប្រកួតបែបនេះ លោក សរ សិទ្ធិ ប្រធានគណៈកម្មការរៀបចំការប្រកួតព្រឹត្តិការណ៍ខាងលើ បានបញ្ជាក់ថា ការប្រកួតនេះ រៀបចំឡើង មិនមែនផ្ដោតលើលទ្ធផលឈ្នះ-ចាញ់នោះទេ តែជាការរៀបចំ ដើម្បីបំផុសស្មារតីកីឡាដល់មន្ដ្រីអនុវត្តច្បាប់ទាំងអស់ ទាំងមន្ដ្រីស៊ីវិល និងកងកម្លាំង ក្នុងការចូលរួមលេងកីឡា ដើម្បីសុខភាព ក៏ដូចជារឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ រវាងមន្ដ្រីចុះអគ្គនាយកដ្ឋាន ឬរវាងមន្ដ្រីអង្គភាព និងអង្គភាពមួយជាដើម។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃដដែលបន្ដថា «ខ្ញុំសូមអំពាវនាវដល់មន្ដ្រីរាជការរបស់យើងទាំងអស់ ទាំងស៊ីវិល និងកងកម្លាំង គួរតែរៀបចំក្រុមចូលលេង កុំគិតថា យើងលេងដើម្បីចង់តែឈ្នះ។ យើងលេងកីឡា ដើម្បីសុខភាព ទោះបីមានការរវល់យ៉ាងណា បើនិយាយពីរវល់វិញៗ គ្រប់អគ្គនាយកដ្ឋាន គ្មាននរណាទំនេរទេ យើងរវល់គ្រប់គ្នា តាមជំនាញ និងកិច្ចការរៀងៗខ្លួន តែការរៀបចំក្រុមចូលរួមបាល់ទាត់នេះ មិនមែនសម្រាប់តែរឿងចាញ់ឈ្នះ-ចាញ់មួយមុខទេ គឺដើម្បីឲ្យយើងស្គាល់គ្នា ហើយសំខាន់បំផុត គឺដើម្បីបានសុខភាពល្អ»។
គួរដឹងថា សម្រាប់បេក្ខភាពចូលរួមការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ នឹងត្រូវបែងចែកជា ៤ពូល ក្នុងនោះពូល A និងពូល B មាន ៤ក្រុម ខណៈពូល C និងពូល D មាន ៣ក្រុម ដែលគ្រោងធ្វើការចាប់ឆ្នោតបែងចែកពូល នាថ្ងៃទី៣ ខែមករា។ ចំពោះពិធីបើក និងបិទព្រឹត្តិការណ៍នេះ នឹងរៀបចំនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ គ្រាដែលការប្រកួតជម្រុះ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងប្រកួតនៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែកតែមួយគត់៕