(បរទេស)៖ បិសាចក្រហម Manchester United បានវាយបកយកជ័យជម្នះ ២-១ ទៅលើម្ចាស់ផ្ទះ Viktoria Plzen របស់សាធារណរដ្ឋឆេក ក្នុងការឡើងទៅឈរនៅលេខរៀងទី៧ ក្នុងពានកម្រិតទី២ អឺរ៉ុប UEFA Europa League 2024-2025។

ការរកបាន ៣ពិន្ទុជាលើកទី៣ ក្នុងចំណោម ៦ប្រកួតជើងទី១ បន្ទាប់ពី Plzen បានបើកឆាកនាំមុខ ១គ្រាប់មុននៅដើមវគ្គទី២ ក្នុងកីឡដ្ឋាន Doosan Arena ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណតែជាង ១ម៉ឺននាក់ ពីការធ្វើបានសម្រេចរបស់ Ramus Hojlund តែម្នក់គត់ និងជាគ្រាប់ទី៥ របស់កីឡាករអន្តរជាតិដាណឺម៉ាកនៅ UEL នារដូវកាលនេះដែរ។

តាមរយៈលទ្ធផលដ៏គាប់ប្រសើរនេះដែរ បានញាំងឱ្យក្រុមរបស់លោក Ruben Amorim ស្ថិតក្នុងតំបន់ Top-8 ដែលមានសិទ្ធិឈ្នះកៅអីស្វ័យប្រវត្តិ ដើម្បីឡើងទៅវគ្គចាញ់-ធ្លាក់ ១៦ក្រុមជាបន្តទៀតដែរ ដ្បិត Plzen ធ្លាក់ទៅលេខ១៧ និងមាន ៩ពិន្ទុក្នុងដៃ។

Man Utd អតីតជើងឯក UEL កាលឆ្នាំ២០១៧ លេងមិនចាញ់ឡើយក្នុងពាននេះ តាមរយៈឈ្នះ៣ និងស្មើ ៣លើកដូចគ្នា រកបាន ១២ពិន្ទុ គ្រាដែលខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ ក៏ធ្វើបានល្អ និងឈ្នះពានឯកត្តជនក្នុងនាម Player of the Match ទៀតផង៕