(ភ្នំពេញ)៖ ដំណើរអាជីពការងាររបស់លោកស្រី សៅ កុសល គឺបានបង្ហាញពីការតស៊ូ និងការរីកចម្រើនដែលជារឿងរ៉ាវបង្កប់នូវស្មារតី អំណត់អត់ធន់ និងការសម្របខ្លួន ចំពោះបញ្ហាផ្សេងៗនៅក្នុងអាជីពការងារ។
លោកស្រីបានចាប់ផ្តើមអាជីពរបស់លោកស្រីនៅ ក្រុមហ៊ុន ហ៊ិននីគែន ក្នុងនាមជាអ្នកផ្សព្វផ្សាយស្រាបៀរ ដោយលោកស្រីមានតួនាទីណែនាំនូវផលិតផល របស់ក្រុមហ៊ុនដើម្បីអោយអតិថិជនជាច្រើនបានស្គាល់។ ជាច្រើនឆ្នាំមកនេះ លោកស្រីបានកាន់តួនាទីថ្មីបន្តបន្ទាប់ ហើយសព្វថ្ងៃនេះលោកស្រីបានក្លាយជាជំនួយការរដ្ឋបាលផ្នែកលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការលក់ និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន ទៅបានយ៉ាងរលូន។
លោកស្រី កុសល បានរៀបរាប់អំពីបទពិសោធន៍ការងារដ៏គួរឱ្យកត់សម្គាល់របស់លោកស្រីក្នុងវីដេអូពិសេសមួយ ដើម្បីរំលឹកដល់ដំណើរការងារនេះ។ ចូរស្តាប់ពីរឿងរ៉ាវរបស់លោកស្រី កុសល នៅលើទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។
កុសល មានបងប្អូនប្រាំនាក់ ហើយគាត់បានកំព្រាម្តាយតាំងពីតូច ហេតុនេះហើយទើបលោកស្រីត្រូវទទួលរ៉ាប់រង លើការផ្គត់ផ្គង់គ្រួសារជាមួយឪពុករបស់លោកស្រី។ ទោះបីជាលោកស្រីមានបំណងចង់បញ្ចប់ការសិក្សាក៏ដោយ ប៉ុន្តែឧបសគ្គផ្នែកហិរញ្ញវត្ថុ បានបង្ខំឱ្យលោកស្រីបោះបង់ការសិក្សា តាំងពីនៅថ្នាក់វិទ្យាល័យ។
ប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីបោះបង់ការសិក្សាមក កុសលក៏បានរកការងារធ្វើជាអ្នករត់តុ នៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។ ពេលនោះ លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់អ្នកផ្សព្វផ្សាយស្រាបៀរ។ ប៉ុន្តែដំបូងឡើយ លោកស្រីមានការស្ទាក់ស្ទើរចិត្ត ដោយគាត់ខ្វាយខ្វល់ថា ការងារជាអ្នកផ្សព្វផ្សាយស្រាបៀរនេះត្រឹមត្រូវ សម្រាប់គាត់ឬអត់។ ប៉ុន្តែជាមួយនឹងភាពក្លាហាន លោកស្រីបានប្រាប់ខ្លួនឯង និងក្រុមគ្រួសារថា៖ «ប្រសិនបើខ្ញុំមិនសាកទេ ខ្ញុំនឹងមិនដឹងឡើយ»។ ដូច្នេះហើយលោកស្រីក៏បានចាប់ផ្តើមការងារដំបូង ជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។
លោកស្រីបានចែករំលែកថា៖ «ពេលខ្ញុំចាប់ផ្ដើមអាជីពនេះ កាលពីឆ្នាំ ១៩៩៨ ការងារនេះទាមទារឲ្យចំណាយពេលវេលាច្រើនម៉ោង និងតម្រូវឲ្យមានស្នាមញញឹមអំឡុងពេលធ្វើការជានិច្ច។ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថាហត់នឿយក្រោយ ពីបំពេញការងារដល់យប់ជ្រៅ ប៉ុន្តែខ្ញុំគិតថាការដែលបានលក់ផលិតផលរបស់ក្រុមហ៊ុនយើង ទៅអតិថិជនជាការងារមួយដែលធ្វើឲ្យខ្ញុំរីករាយ និងជម្រុញលើកទឹកចិត្តខ្ញុំបន្ថែម»។
ថ្វីត្បិតតែការយល់ឃើញរបស់សង្គម ចំពោះអ្នកផ្សព្វផ្សាយស្រាបៀរមិនសូវ ជាមានភាពវិជ្ជមានក៏ដោយ ប៉ុន្តែការតាំងចិត្តរបស់កុសលដែលស្មោះត្រង់ ចំពោះការងារមួយនេះបានធ្វើឲ្យលោកស្រីកាន់តែព្យាយាម និងតស៊ូដើម្បីបំពេញភារកិច្ចការងាររបស់ខ្លួន។
លោកស្រីបានបានរំឭកថា៖ «នៅចុងបញ្ចប់ ខ្ញុំមានមោទនភាពណាស់ដែលការងាររបស់ខ្ញុំជាការងារសុចរិតភាព និងជាបទពិសោធន៍ដ៏មានអត្ថន័យមួយ»។
ការតស៊ូរបស់លោកស្រីបាននាំឲ្យលោកស្រីទទួលបានតួនាទីជាន់ខ្ពស់បន្ថែម ដោយផ្លាស់ប្តូរពីអ្នកផ្សព្វផ្សាយមកមើលការខុសត្រូវ ក្រុមអ្នកផ្សព្វផ្សាយស្រាបៀរវិញ គឺមើលការខុសត្រូវចំពោះសេវាកម្មនៅរោងអាពាហ៍ពិពាហ៍។ ទោះបីជាលោកស្រីមិនសូវមានភាពជឿជាក់លើខ្លួនឯង ដោយសារតែការកម្រិតអប់រំរបស់លោកស្រីក៏ដោយ លោកស្រីត្រូវបានលើកទឹកចិត្តពីថ្នាក់ដឹកនាំរបស់លោកស្រី ដែលបានប្រាប់លោកស្រីថា «ការងាររបស់អ្នកជាគ្រូបង្រៀនដ៏ល្អបំផុតរបស់អ្នក» ។
កាលពីឆ្នាំ ២០១៩ កុសលបានទទួលនូវទំនួលខុសត្រូវជាច្រើនបន្ថែមទៀត។ លោកស្រីបានចូលបម្រើការងារ ក្នុងនាយកដ្ឋានរដ្ឋបាលផ្នែកលក់ នៅអគារពាណិជ្ជកម្ម របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ដំណើរការងារដ៏វែងរបស់លោកស្រីបាននាំលោកស្រីទៅកាន់ ចំណុចស្នូលនៃការងារផ្នែកលក់របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។
លោកស្រីបានចែករំលែកថា៖ «តួនាទីនេះជាចំណោទបញ្ហាធំ ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរដ៏សំខាន់ ដោយខ្ញុំត្រូវអភិវឌ្ឍជំនាញកុំព្យូទ័រ បង្កើនសមត្ថភាពភាសាអង់គ្លេស និងរៀនជំនាញថ្មីៗ ដើម្បីដុសខាត់បន្ថែមពីចំណេះដឹងដែលមានស្រាប់របស់ខ្ញុំ»។
នៅក្នុងតួនាទីថ្មីរបស់លោកស្រី លោកស្រីត្រូវគ្រប់គ្រងឯកសារ និងកិច្ចសន្យាជាមួយភ្នាក់ងាររបស់ ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីធានាការចែកចាយផលិតផលបានត្រឹមត្រូវ ហើយរៀបចំសំណើផលិតផលផ្សេងៗទៅកាន់ភ្នាក់ងារ និងចូលរួមចំណែកក្នុងយុទ្ធសាស្រ្តពាណិជ្ជកម្ម របស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព។ កុសលបាននិយាយដោយក្តីដឹងគុណថា៖ «ខ្ញុំអាចរីកចម្រើនក្នុងដំណើរអាជីពការងារដ៏វែងឆ្ងាយនេះ គឺដោយសារតែទទួលបានការគាំទ្រ និងការលើកទឹកចិត្តជាច្រើនពីសហការី និងក្រុមហ៊ុនកន្លងមក»។
លោកស្រីបាននិយាយទាំងស្នាមញញឹមឆ្លុះបញ្ចាំង ពីមោទនភាពក្នុងដំណើរអាជីពការងារ របស់លោកស្រីបានបន្ថែមថា៖ «ខ្ញុំចង់ឲ្យយុវជនដឹងថា មិនថាអ្នកចាប់ផ្តើមនៅទីណានោះទេ ការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អ្នកក្នុងការរៀននឹងកំណត់នូវអនាគតរបស់អ្នក។ ប្រសិនបើអ្នកជឿជាក់លើខ្លួនឯងហើយបន្តខិតខំប្រឹងប្រែង លទ្ធផលដែលអ្នកទទួលបាននឹងសមប្រកបដូចគ្នា» ។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បច្ចុប្បន្នមានបុគ្គលិកជាង ៧០០ នាក់នៅទូទាំងប្រទេស ខណៈពេលដែលជួយទ្រទង់ការងារចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គមដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមាន ដើម្បីសិក្សាពីការរួមចំណែករបស់ក្រុមហ៊ុន ចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជា។
របាយការណ៍នេះ ត្រូវបានបង្ហាញដោយប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ ក្រុមហ៊ុន ហ៊ិននីគែន លោក Jacco van der Linden ជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងដំណើរបំពេញទស្សនកិច្ចនាពេលថ្មីៗនេះដើម្បីរំឭកខួប ៣០ ឆ្នាំនៃការរួមចំណែករបស់ក្រុមហ៊ុនផលិតនេះក្នុងប្រទេសកម្ពុជា៕