(ភ្នំពេញ)៖ ជិត៣ទសវត្សមកនេះ តារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជនស្គាល់លោកថាជាតារាពេញដោយសមត្ថភាព និងទេពកោសល្យមួយរូប ដែលអាចបត់បែនតាមភាពជឿនលឿននៃសិល្បៈ ខណៈតារាចម្រៀងរូបនេះ តែងបន្តអភិវឌ្ឍនខ្លួនឯងឥតឈប់ឈរ ដូចរុក្ខជាតិដែលត្រូវសន្សើមរាល់ព្រឹកព្រហាម។

បើក្រឡេកមើលអាជីពចម្រៀងនាពេលបច្ចុប្បន្ន តារាប្រុសស្រីជាច្រើនកំពុងប្រឹងប្រែងលើទេពកោសល្យរបស់ខ្លួន ប្រជែងយកប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្រ ខ្លះក៏ធ្វើបាន ខ្លះក៏ត្រឹមមួយរយៈពេល។ ប៉ុន្តែសម្រាប់ប្រជាប្រិយភាព តារាចម្រៀង ព្រាប សុវត្ថិ គឺហាក់មិនសាបរលាបសោះឡើយ ក្នុងក្រអៅបេះដូងអ្នកគាំទ្រ និងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពិសេសតាមរយៈរសអារម្មណ៍ថ្មី ដែលលោកផ្តល់ជូនមហាជន។

មិនត្រឹមតែអាចរក្សាបានចិត្តអ្នកគាំទ្ររបស់លោកមុនៗ សូម្បីតែយុវវ័យជំនាន់ថ្មី ក៏បាននិងកំពុងចាប់អារម្មណ៍ខ្លាំង លើតារាចម្រៀងជួរមុខផលិតកម្ម Galaxy Navatra រូបនេះ ជាមួយនឹងសំឡេងក្រអួនក្រអៅ អាចបត់បែនតាមតុងខ្ពស់ទាបរហ័សច្បាស់ ពិសេសការបង្ហាញសមត្ថភាពរបស់លោក លើវិថីចម្រៀងបែបរ៉េប។

តួយ៉ាងចាប់តាំងពីបោះជំហានចូលផលិតកម្ម Galaxy Navatra តារាចម្រៀងរូបនេះ បានធ្វើឱ្យមហាជន ភ្ញាក់ផ្អើលជាច្រើនដងមកហើយ ជាមួយនឹងការបង្ហាញថ្មីតាមរយៈបទ GANG GANG; The Legend; PAPA PSV; មីឆុងមីឆា ដែលមានអ្នកទស្សនាដល់ខ្ទង់លាននាក់ និងតាមរយៈការចម្រៀងនិងសម្តែងក្នុង MV ចម្រៀងបទ «សែកមន្ត» ដែលទើបផ្ទុះចាប់អារម្មណ៍ខ្លាំងថ្មីៗនេះ។

ចំពោះភាពល្បីលាញរបស់លោកឯណេះវិញ រឹងរឹតមិនធម្មតា ខណៈបច្ចុប្បន្នមិនមែនមានតែមនុស្សចាស់ ឬមនុស្សវ័យកណ្តាលដែលស្គាល់នោះទេ សូម្បីតែយុវវ័យជំនាន់ថ្មី ក៏បានស្គាល់នូវកេរ្តិ៍ឈ្មោះតារាចម្រៀងងារជាឧកញ៉ា រូបនេះផងដែរ។ ម៉្យាងទៀត មិនថាតាមរយៈបទមនោសញ្ចេតនាសង់ទីម៉ង់ ឬបែបចង្វាក់រ៉េប លោកនៅតែអាចធ្វើបាន ប្រជែងនឹងយុគសម័យតន្ត្រីជឿនលឿន មិនចាញ់តារាចម្រៀងស្រករក្រោយនោះឡើយ៕