(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសយកទីតាំងខេត្តកំពត ដើម្បីរៀបចំការប្រកួតជ្រើសរើសជើងឯកជាតិប្រចាំឆ្នាំ២០២៤ ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ ខាងមុខ ដ្បិតកន្លងមកក្រៅពីរាជធានីភ្នំពេញ ក៏បានរៀបចំនៅខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំផងដែរ ។
នេះបើតាមការបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដឹកនាំដោយលោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា កាលពីថ្មីៗ ដើម្បីពិភាក្សាលើផែនការយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ ខណៈចំពោះមុខ សហព័ន្ធបានជំរុញការយកចិត្តទុកដាក់ខ្ពស់ លើការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្ដូរទីតាំងរៀបចំថ្មី លើទឹកដីខេត្តកំពត គឺដើម្បីជំរុញការប្រកួតប្រជែង និងអភិវឌ្ឍន៍សមត្ថភាព បច្ចេកទេស របស់អត្តពលិក ដ្បិតស្ថានភាពផ្លូវនៅទីនេះ អំណោយផលសម្រាប់ការប្រកួតប្រជែងកម្រិតខ្ពស់ ជាក់ស្ដែងកង់គួក ដែលត្រូវចេញដំណើរពីមុខសាលាខេត្តកំពត ទៅបញ្ចប់នៅកំពូលភ្នំបូកគោ និងកង់ភ្នំ ត្រូវប្រណាំងនៅជើងភ្នំស ស្រុកទឹកឈូ ជាដើម ។
លោក នូ ចំរើន បញ្ជាក់ថា សម្រាប់កង់គួក នឹងត្រូវប្រកួតចំនួន ៤វិញ្ញាសា រួមមានវិញ្ញាសាកង់គួកបុរសថ្នាល, កង់គួកបុរសឈុតធំ, កង់គួរបុរស និងកង់គួកបុរសទូទៅ ។ រីឯប្រភេទកង់ភ្នំ បែងចែកជា ៤វិញ្ញាសាដូចគ្នា រួមមានវិញ្ញាសាកង់ភ្នំបុរសថ្នាល, កង់ភ្នំបុរសឈុតធំ, កង់ភ្នំនារី និងកង់ភ្នំបុរស ។ ចំពោះការដាក់ពាក្យចូលរួមប្រកួត គ្រោងនឹងបញ្ចប់នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅទីស្នាក់ការសហព័ន្ធ ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ត្រូវបានរំពឹងមានកីឡាករ-កីឡាការិនីប្រហែល ២០០ ទៅ ៣០០នាក់ចូលរួម សរុបទាំងមន្ដ្រីបច្ចេកទេស និងក្រុមការងាររៀបចំប្រមាណ ៥០០នាក់ ។ ក្នុងនាមសហព័ន្ធ លោកក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានបំណងចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ ជួយតាមរយៈសហព័ន្ធផងដែរ ដើម្បីរួមចំណែកជំរុញការរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ និងជំរុញការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ៕