(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងដាក់ដំណើរការនូវបន្ទះឈីប Bluetooth និង Wi-Fi ក្នុងផ្ទះរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា Proxima ចាប់ពីឆ្នាំ២០២៥ តទៅ ដែលជាការផ្លាស់ប្តូរនឹងលុបចោលផ្នែកមួយចំនួន ខណៈបច្ចុប្បន្នផ្គត់ផ្គង់ដោយ Broadcom។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
Bloomberg បាននិយាយថា Apple នឹងដាក់ដំណើរការនៅលើឧបករណ៍សំខាន់ចំនួនពីររបស់ខ្លួនដំបូងគេគឺ iPhone និង smart home។ របាយកាណ៍បានបន្ថែមទៀតថា បន្ទះឈីបផ្ទាល់ខ្លួនរបស់ Apple ដែលត្រៀមបំពាក់ទៅក្នុង iPhone ត្រូវបានទទួលខុសត្រូវ និងផលិតដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (ហៅកាត់ TSMC)។
ទន្ទឹមនឹងនេះ នៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួនក្នុងខែមិថុនា ក្រុមហ៊ុន Apple ធ្លាប់បាននិយាយថា ខ្លួនគ្រោងនឹងប្រើប្រាស់បន្ទះឈីបម៉ាស៊ីនមេ (server) ក្នុងផ្ទះដើម្បីជួយផ្តល់ថាមពលដល់មុខងារបញ្ញាសិប្បនិម្មិត (AI) នៅលើឧបករណ៍របស់ខ្លួនផងដែរ។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតផ្សេងទៀត Apple នៅមិនទាន់បង្ហាញនៅឡើយនោះទេ និងបានខកខានក្នុងការឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយពី Reuters។
គួរជម្រាបថា ការផ្លាស់ប្តូរដែល Apple គ្រោងធ្វើនៅឆ្នាំក្រោយ គឺជារបាយការណ៍ដាច់ដោយឡែកពីគម្រោងដែលបានរាយការណ៍មុនរបស់ក្រុមហ៊ុន Apple ក្នុងការដាក់ឱ្យដំណើរការនូវបន្ទះឈីបម៉ូដឹម 5G ដែលទន្ទឹងរង់ចាំមកជាយូរ ខណៈរបាយការណ៍នោះក៏គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនយក្សនេះគ្រោងនឹងប្រើបន្ទះឈីប 5G ផ្ទាល់ខ្លួននៅឆ្នាំក្រោយផងដែល ក្នុងគោលបំណងជំនួសការផ្គត់ផ្គង់ពី Qualcomm៕