(កំពត)៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមពិធីបុណ្យសមុទ្រ ដែលប្រារព្ធឡើងពីថ្ងៃទី១៣ ដល់១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ដែលជាពិធីដ៏អធិកអធម ក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក បង្ហាញពីសក្តានុពលទេសចរណ៍ប្រទេសកម្ពុជា និងបង្ហាញពីឱកាសអេកូទេសចរណ៍ តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហការ និងការច្នៃប្រឌិតក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមោទនភាពវប្បធម៌ជាតិខ្មែរ។
នៅក្នុងពិធីបុណ្យនេះ ធនាគារ ខេប៊ីប្រាសាក់ រៀបចំស្តង់ដើម្បីអាចឱ្យភ្ញៀវទេសចរ អាចទទួលបានចំណេះដឹងលើការប្រើប្រាស់ សេវាហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការ ព្រមទាំងការពិគ្រោះយោបល់លើផលិតផល និងសេវាហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ផងដែរ។ បន្ថែមពីនេះ ធនាគារក៏បានចូលរួមក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងបង្កើតទម្លាប់សន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ តាមរយៈការផ្តល់ជូនការបើកគណនីឌីជីថល ជាមួយនឹងប្រូម៉ូសិនដែលផ្តល់រង្វាន់ជាសាច់ប្រាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើន។
ជាផ្នែកមួយនៃការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ធនាគារ ខេប៊ីប្រាសាក់ ក៏កំពុងលើកកម្ពស់ការផ្តល់ប្រាក់កម្ចីបៃតង ដែលជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវ ចំពោះបរិស្ថាន និងផ្តល់ផលប្រយោជន៍ទាំងអតិថិជន និងភពផែនដី៕