(បរទេស)៖ Global EV Drivers Alliance (GEVA) បានធ្វើការសិក្សាមួយ ដែលស្វែងយល់ពីបទពិសោធន៍របស់អ្នកបើកបររថយន្តអគ្គិសនី ចំនួន ១៨ប្រទេស​នៅជុំវិញពិភពលោក ដោយប្រមូលបានការឆ្លើយតបពីម្ចាស់យានយន្តអគ្គិសនីជាង ២៣,០០០នាក់។

ការសិក្សានេះបានរកឃើញថា តិចជាង ១%នៃម្ចាស់រថយន្ត EV មានបំណងចង់ត្រលប់ទៅប្រើរថយន្តម៉ាស៊ូត ឬសាំងវិញ ខណៈ​ម្ចាស់​រថយន្តជាច្រើនបានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះជម្រើសរបស់ពួកគេ​ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី។ ដោយ​នៅ​ក្នុងនោះ​មាន ៩២% មានបំណងចង់ទិញរថយន្ត EV មួយទៀត, ៤% ពិចារណាទៅលើការប្រើប្រាស់រថយន្តកូនកាត់ និងតិចជាង ១% ចង់ត្រឡប់​ទៅ​ប្រើប្រាស់រថយន្តម៉ាស៊ូត ឬសាំងវិញ។

អ្វីដែលកត់សម្គាល់ខ្លាំងទៅលើការសិក្សានេះគឺ មានម្ចាស់រថយន្តរហូតដល់ទៅ ៩៧% បានបង្ហាញពីអារម្មណ៍ពេញចិត្ត ​ជាមួយនឹងបទពិសោធន៍ថ្មីនៃការប្រើប្រាស់រថយន្ត EV របស់ពួកគេ។

ហេតុអ្វីបានជាអ្នកបើកបរចូលចិត្តរថយន្តអគ្គិសនី? អ្នកចូលរួម​ក្នុងការសិក្សានេះបានចែករំលែកហេតុផលគួរឱ្យទាក់ទាញ​សម្រាប់​ភាពរីករាយរបស់ពួកគេទៅលើចំណុចលើកទឹកចិត្តចំនួន៣សំខាន់ៗគឺទី១ តម្លៃប្រតិបត្តិការទាន, ទី២គឹការធ្វើដំណើរ ឬដឹកជញ្ជូនដែល​មិនប៉ះពាល់ដល់អាការធាតុ និងទី៣គឺ​ការសាកថ្មនៅផ្ទះងាយស្រួល។ ក្នុងនោះពួកគេក៏បានបង្ហាញពីបញ្ហាប្រឈមគឺការប្រើប្រាស់​ឆ្នាំងសាកល្បឿនលឿន ដែលវាមានកំណត់នៃពេលវេលា និង​សុវត្ថិភាព។

បើនិយាយអំពីទម្លាប់នៃការសាកថ្មរបស់ពួកគេគឺមានអ្នកចូលរួមប្រមាណ ៧២% បាននិយាយថា ពួកគេចូលចិត្តសាកថ្មនៅផ្ទះ​ ព្រោះវាងាយស្រួល និងចំណាយថវិកាតិច ព្រោះបើសាកថ្មនៅតាមស្ថានីយន៍ វាមានតម្លៃថ្លៃជាងថ្លៃភ្លើងនៅផ្ទះរបស់ពួកគេ៕