(បរទេស)៖ លទ្ធផលចាប់ផ្តើមបែងចែកពូល ដើម្បីប្រកួតជម្រុះប្រជែងកៅអីឡើងទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅឆ្នាំ២០២៦ ប្រចាំទ្វីបអឺរ៉ុប (UEFA) ត្រូវបានរកឃើញរួចរាល់ហើយនៅរាត្រីថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាល FIFA ដែលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស។
ការប្រកួតប្រជែងសន្សំពិន្ទុតាមពូលនីមួយៗនៅអឺរ៉ុប នឹងចាប់ផ្តើមធ្វើឡើងចាប់ពីខែមីនា និងបញ្ចប់នាខែវិច្ឆិកា ឆ្នាំ២០២៥។
ការចាប់ឆ្នោតដែលមានដល់ទៅ ១២ពូល (A-L) ដោយមានពូលខ្លះមាន ៤ក្រុម ៥ក្រុម និង ៦ក្រុមទៀតផង គ្រាដែលក្រុមលេខ១ ប្រចាំពូលនីមួយៗ ទទួលបានកៅអីស្វ័យប្រវត្តិឡើងទៅវគ្គចែកពូល ៤៨ក្រុមនា World Cup 2026 ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។
ចំណែកឯក្រុមលេខ២ ទាំង ១២ក្រុម បូកនឹង ៤ក្រុមមកពី UEFA Nations League ដើម្បីបាន ១៦ក្រុមលេងជម្រុះបន្តទៀត ដោយត្រូវចាប់ឆ្នោតជ្រើសរើសគូប្រកួត ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ក្នុងការស្វែងរកកៅអី World Cup 2026 ទៀតដែរ។
ខាងក្រោមនេះជា លទ្ធផលចាប់ពូលទាំង ១២ប្រចាំតំបន់អឺរ៉ុប (UEFA)៖
A៖ អាល្លឺម៉ង់/អ៉ីតាលី (ក្រុមឈ្នះ) ស្លូវ៉ាគី អៀរឡង់ខាងជើង និងលុចសំបួរ
B៖ ស្វីស ស៊ុយអែត ស្លូវេនី និងកូសូវ៉ូ
C៖ ព័រទុយហ្គាល់/ដាណឺម៉ាក (ក្រុមចាញ់) ក្រិក ស្កុតឡេន និងប៊ែលឡារុស
D៖ បារាំង/ក្រូអាត (ក្រុមឈ្នះ) អ៊ុយក្រែន អ៉ីស្លង់ និងអាហ្សឺបៃហ្សង់
E៖ អេស្ប៉ាញ/ហូឡង់ (ក្រុមឈ្នះ) តួកគី ហ្ស៊កហ្ស៊ី និងបុលហ្គារី
F៖ ព័រទុយហ្គាល់/ដាណឺម៉ាក (ក្រុមឈ្នះ) ហុងគ្រី សាធារណរដ្ឋអៀរឡង់ និងអាមេនី
G៖ អេស្ប៉ាញ/ហូឡង់ (ក្រុមចាញ់) ប៉ូឡូញ ហ្វាំងឡង់ លីទុយអានី និងម៉ាល់តា
H៖ អូទ្រីស រ៉ូម៉ានី បូស្នី កោះស៊ើប និងសាំងម៉ារ៉ាំង
I៖ អាល្លឺម៉ង់/អ៉ីតាលី (ក្រុមចាញ់) ន័រវេស អ៊ីស្រាអែល អ៉ីស្តូនី និងម៉ូដូវ៉ា
J៖ ប៊ែលហ្សិក វ៉េល ម៉ាសេដូន កាហ្សាក់ស្ថាន និងលិចធិនស្ថាន
K៖ អង់គ្លេស ស៊ែប៊ី អាល់បានី ឡាត់វី និងអង់ដូរ៉ា
L៖ បារាំង/ក្រូអាត (ក្រុមចាញ់) សាធារណរដ្ឋឆេក ម៉ុងតេនីក្រូ កោះហ្វារ៉ូ និងហ្ស៊ីប្រាតា៕