(បរទេស)៖​ អ្នកស្រាវជ្រាវទីផ្សារស្មាតហ្វូន Canalys បានរាយការណ៍មកថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ កន្លងទៅ ទីផ្សារនាឡិកាឆ្លាតវៃនៅទូទាំងពិភពលោកកំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដោយក្នុងនោះ Smart Watch កើនឡើងប្រមាណ ៣ភាគរយ និង Smart Band កើនឡើងដល់ខ្ទង់ ៧ភាគរយ ដោយគិតចំនួននាំចេញសរុបមាន ៥២.៩លានគ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

យោងតាមតារាងទីផ្សារ Canalys បានបង្ហាញថា ក្រុមហ៊ុន Apple និង​ Xiaomi ជាក្រុមហ៊ុនដែលលេចធ្លោជាងគេជាមួយនឹងចំណែកទីផ្សារ ១៦.១០ភាគរយ និងបាននាំចេញនាឡិកាសរុបចំនួន ៨.៥លានគ្រឿងដូចគ្នា។ ដោយឡែក Huawei ឈរនៅលេខរៀងទី៣ ជាមួយការនាំចេញ ៧.១លានគ្រឿង, Samsung ឈរនៅលេខរៀងទី៤ នាំចេញ ៤.៨លានគ្រឿង, Noise ឈរនៅលេខរៀងទី៥ នាំចេញ ២.៥លានគ្រឿង និងក្រុមហ៊ុនផ្សេងៗទៀត ២១.៤លានគ្រឿង សរុប ៥២.៩លានគ្រឿង។

គួរជម្រាបថា ការកើនឡើងក្នុងត្រីមាសទី៣ នេះ​ Canalys បានគូសបញ្ជាក់ថាមកពីការលក់ខ្លាំងនៃត្រកូល Apple Watch ជំនាន់ចុងក្រោយ និងជាពិសេសក្រុមហ៊ុនប្រកៀកប្រកិតនឹង Apple គឺ Xiaomi ម៉ូដែល Smart Band។ បន្ថែមពីនេះម៉ូដែល Redmi Watch 5 របស់ Xiaomi និង Watch S ក៏ត្រូវបានគេមើលឃើញជាម៉ូដែលដែលមានប្រជាប្រិយភាពខ្លាំងផងដែរ និងបានកើនឡើងប្រមាណ ៧០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕