(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple លោក Tim Cook ត្រូវបានរាយការណ៍មកថា បានជួបពិភាក្សាជាមួយលោក Donald Trump នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ នៅឯរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិករូបនេះ ក្នុងរដ្ឋផ្លរីដា ស្របពេលដែល មេដឹកនាំជំនួញធំៗព្យាយាមបង្កើតទំនាក់ទំនងវិជ្ជមានជាមួយលោក Trump ជាបន្តបន្ទាប់ ចាប់តាំងពីការឈ្នះបោះឆ្នោតរបស់លោកនៅក្នុងខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reutres នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
មេធំក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបង្ហាញជំហរគាំទ្រចំពោះការត្រឡប់មកធ្វើជាប្រធានាធិបតីជាថ្មីរបស់លោក Trump តាមរយៈការចូលរួមបរិច្ចាគប្រាក់ ក្នុងនោះក្រុមហ៊ុន Meta និង Amazon សុទ្ធតែបានបរិច្ចាគម្នាក់១លានដុល្លារដល់មូលនិធិរបស់ Trump ។ ធនាគារអាមេរិក ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទីពីររបស់សហរដ្ឋអាមេរិក ក៏មានគម្រោងចូលរួមវិភាគទានដល់គណៈកម្មាធិការរបស់លោក Trump ប៉ុន្តែមិនទាន់សម្រេចចិត្តលើចំនួនទឹកប្រាក់ជាក់លាក់។
លោក Donald Trump នឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥។ លោកបាននិយាយកាលពីខែតុលានៅពេលដែលកំពុងឈរឈ្មោះជាប្រធានាធិបតី ថាលោកបានទទួលការហៅទូរស័ព្ទពី Tim Cook ជុំវិញការព្រួយបារម្ភអំពីការពិន័យហិរញ្ញវត្ថុ ដែលត្រូវបានដាក់ដោយសហភាពអឺរ៉ុបលើក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ។ និយតករអ៊ឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើក្រុមហ៊ុន Big Tech ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានគោលបំណងទប់ស្កាត់អំណាចរបស់ពួកគេ និងធានាឱ្យមានការប្រជែងដោយត្រឹមត្រូវ។ ក្នុងនោះក៏មានសំណុំរឿងរបស់ក្រសួងយុត្តិធម៌អាមេរិក ចោទក្រុមហ៊ុនផលិត iPhone មួយនេះផងដែរ ថាបានគ្រប់គ្រងទីផ្សារស្មាតហ្វូនដោយខុសច្បាប់។
ដូច្នេះក្រោយលោក Donald Trump ជាប់ឆ្នោតហាក់ធ្វើឲ្យមេធំក្រុមហ៊ុនបច្ចេកវិទ្យាមានសង្ឃឹមឡើងវិញពីការបន្ធូរបន្ថយច្បាប់។ យ៉ាងណាមិញ ងាកមកជំនួបខាងលើនេះ ក្រុមការងាររបស់លោក Trump និង Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ កិច្ចប្រជុំ Trump-Cook ត្រូវបានរាយការណ៍មុននេះដោយកាសែត New York Times៕