(គៀវ)៖ ប្រទេសអ៊ុយក្រែន បានស្នើឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ចេញមុខសុំទោសជាសាធារណៈ ក្រោយពេលបង្កកំហុសដោយអចេតនាពុំអាចទទួលយកបាន តាមរយៈដកតំបន់គ្រីមៀរចេញពីដែនអធិបតេយ្យភាពរបស់ខ្លួន នាអំឡុងកម្មវិធីចាប់ឆ្នោតបែងចែកពូលជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបកាលពីថ្ងៃទី១៣ ខែធ្នូ។
នៅចាំបានថា តំបន់គ្រីមៀរ (Crimea) បានស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីឆ្នាំ២០១៤ និងមានប្រទេសតិចតួចបំផុតដែលទទួលស្គាល់រឿងនេះ។
លោក Heorhiy Tykhy អ្នកនាំពាក្យរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបានថ្លែង ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះថា «អ៊ុយក្រែនសង្ឃឹមថា នឹងទទួលបានការសុំទោសជាសាធារណៈពី FIFA» ខណៈស្ថាប័នអន្តរជាតិខាងលើ ក៏បានដឹងពីកំហុស និងលុបរូបភាពនោះចេញវិញរួចរាល់ផងដែរ។
លោក Tykhy បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា «FIFA មិនត្រឹមតែធ្វើខុសទៅនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងគាំទ្ររុស្ស៊ីចំពោះឧក្រិដ្ឋកម្មសង្រ្គាម និងការឈ្លានពានចូលទឹកដីអ៊ុយក្រែនថែមទៀតផង»៕