(តូក្យូ)៖ ជើងខ្លាំងរបស់ជប៉ុនវ៉ៃមិនទាន់ចាញ់ Naoya Inoue ដែលត្រៀមដាក់ខ្សែក្រវាត់ IBF, WBC, WBA និង WBO ទល់នឹងកីឡាករ Sam Goodman ត្រូវបានពន្យារពេល ក៏ព្រោះគូប្រជែងសញ្ជាតិអូស្រ្តាលីជួបបញ្ហារបួសនាអំឡុងហ្វឹកហាត់។
កម្មវិធីប្រកួតរបស់កីឡាករទាំងពីរ ដំបូងឡើយគ្រោងធ្វើឡើងនៅមុនថ្ងៃបុណ្យ Christmas ក៏ប៉ុន្តែត្រូវបានពន្យារពេល ទៅធ្វើនៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ វិញ ក្រោយពេល Goodman មានរបួសដែលបានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញ។
ជាមួយគ្នានោះ Inoue វ័យ ៣១ឆ្នាំបានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះថា «ខ្ញុំសូមអភ័យចំពោះអ្នករាល់គ្នា ដែលកំពុងទន្ទឹងរង់ចាំជំនួបខ្សែក្រវាត់នេះ។ ខ្ញុំសង្ឃឹមថា គ្រប់គ្នានឹងវិលមកម្តងទៀតចំពោះការប្រកួតដែលត្រូវបានលើកពេល ជាមួយនឹងកំណត់ត្រាដ៏ល្អឥតខ្ចោះបន្តទៀតដែរ»។
ពិតជាជក់ចិត្តមិនខានឡើយ ដ្បិតជើងខ្លាំងទាំងពីរកំពុងកាន់កាប់កំណត់ត្រាវាយមិនចាញ់ដូចគ្នា នៅពេលជើងឯករបស់ជប៉ុន Inoue ធ្លាប់ផ្តួលដៃគូសន្លប់បាន ២៥ដង ក្នុងចំណោមជ័យជម្នះ ២៨លើក ស្របពេលគូប្រជែងរបស់គេ Goodman វ័យ ២៦ឆ្នាំវិញ ធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ៨ដង ពីជ័យជម្នះ ១៩លើក៕