(ភ្នំពេញ)៖ នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ព្រះរាជអាជ្ញាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការការពារផលប្រយោជន៍សាធារណៈ និងចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃរឿងក្តី ពិសេសទៅលើការអនុវត្តសេចក្តីសម្រេចរបស់តុលាការខាងផ្នែកព្រហ្មទណ្ឌ ។ ជាទូទៅ ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថា សេចក្តីសម្រេចរបស់តុលាការជាន់ដំបូង ធ្វើឡើងដោយពុំត្រឹមត្រូវ ឬខ្វះចន្លោះនៅកន្លែងណាមួយ ព្រះរាជអាជ្ញាមានសិទ្ធិប្តឹងឧទ្ធរណ៍ទៅនឹងសេចក្តីសម្រេចនោះបាន តែចំពោះនីតិវិធីនៃបណ្តឹងឧទ្ធរណ៍ គឺត្រូវតែគោរពទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ។

តើការធ្វើបណ្តឹងឧទ្ធរណ៍ដោយព្រះរាជអាជ្ញា ច្បាប់បានកំណត់លក្ខខណ្ឌ និងមានអានុភាពដូចម្តេចខ្លះ ?

សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បណ្តឹងឧទ្ធរណ៍ដែលធ្វើឡើងដោយព្រះរាជអាជ្ញា» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់គ្នា ដូចខាងក្រោម។

ជាទូទៅ ទោះបីជាច្បាប់បានផ្តល់សិទ្ធិឱ្យព្រះរាជអាជ្ញាធ្វើការប្តឹងឧទ្ធរណ៍ទៅនឹងសេចក្តីសម្រេចរបស់សាលាជាន់ដំបូងក៏ដោយ ការប្ដឹងនេះ ត្រូវតែគោរពទៅតាមលក្ខខណ្ឌមួយចំនួនដែលបានកំណត់នៅក្នុងក្រមនីតិវីធីព្រហ្មទណ្ឌផងដែរ ។ ជាក់ស្តែង ការធ្វើបណ្តឹងឧទ្ធរណ៍ដោយព្រះរាជអាជ្ញា ត្រូវធ្វើឡើងក្នុងរយៈពេល ១ (មួយ) ខែ គិតចាប់ពីពេលប្រកាសសាលក្រម ប៉ុន្តែនៅក្នុងករណីមានការឃុំខ្លួន បណ្តឹងឧទ្ធរណ៍ត្រូវបានធ្វើឡើងក្នុងរយៈពេល ៤៨ (សែសិបប្រាំបីម៉ោង) គិតចាប់ពីថ្ងៃដែលតុលាការសម្រេចធ្វើការឃុំខ្លួន ។

ម្យ៉ាងវិញទៀត ចំពោះលក្ខខណ្ឌទម្រង់នៃការធ្វើបណ្តឹងឧទ្ធរណ៍ គឺត្រូវតែធ្វើឡើងនៅការិយាល័យក្រឡាបញ្ជីដែលបានប្រកាសសាលក្រម ករណីនេះ ក្រឡាបញ្ជីនឹងបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍ ។ បន្ទាប់ពី ព្រះរាជអាជ្ញាធ្វើការប្តឹងឧទ្ធរណ៍ នោះនឹងធ្វើឱ្យសេចក្តីសម្រេចខាងផ្នែកព្រហ្មទណ្ឌរបស់តុលាការជាន់ដំបូងក៏ត្រូវបានសើរើផងដែរ ។

បើយោងទៅតាមមាត្រា ៤០០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ សេចក្តីសម្រេចរបស់តុលាការជាន់ដំបូង នឹងត្រូវបានសាលាឧទ្ធរណ៍សម្រេចសេចក្តីឡើងវិញដូចតទៅ៖

* ១. សាលាឧទ្ធរណ៍ ជាយថាហេតុ អាចបដិសេធសាលក្រមដែលសម្រេចឱ្យរួចខ្លួន ឬ អាចសម្រេចដាក់ទម្ងន់ទោស ដែលបានប្រកាសឡើងដោយតុលាការជាន់ដំបូង ។

* ២. សាលាឧទ្ធរណ៍អាចសម្រេចឱ្យជនជាប់ចោទរួចខ្លួនជានិច្ច ប្រសិនបើយល់ឃើញថាពិរុទ្ធភាពលើជននេះមិនអាចបង្ហាញឱ្យឃើញទេ ។

* ៣. សាលាឧទ្ធរណ៍អាចប្រកាសទោសបន្ថែម ដែលដាច់ខាតត្រូវតែប្រកាសដោយខានមិនបាន ដែលតុលាការជាន់ដំបូងភ្លេចមិនបានប្រកាស ។

សរុបសេចក្តីមក ការប្តឹងឧទ្ធរណ៍ដែលធ្វើឡើងដោយព្រះរាជអាជ្ញា គឺត្រូវធ្វើឡើងដោយគោរពទៅតាមរយៈពេល ក៏ដូចជាលក្ខខណ្ឌនៃការប្តឹងឧទ្ធរណ៍ឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ទើបបណ្តឹងនោះអាចទទួលយកបាន និងក្រោយពីមានការប្តឹងឧទ្ធរណ៍ដោយព្រះរាជអាជ្ញារួចមក នឹងធ្វើឱ្យអានុភាពនៃសេចក្តីសម្រេចរបស់តុលាការជាន់ដំបូងអាចនឹងត្រូវបានផ្លាស់ប្តូរ តាមរយៈសេចក្តីសម្រេចថ្មីរបស់សាលាឧទ្ធរណ៍ផងដែរ ។

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងកញ្ញា ឈិន ឆាយអ៊ី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕