(បរទេស)៖ Unkai Terrace គឺជាកន្លែងមើលពពកអណ្ដែតដ៏អស្ចារ្យមួយស្ថិតនៅក្នុងអគារនៃសណ្ឋាគារ Hoshino Resorts Tomamu នៃទីក្រុង​ហុកកៃដូ ប្រទេសជប៉ុន។ វាបានក្លាយជាគោលដៅទេសចរណ៍មួយដែលទាក់ទាញសម្រាប់អ្នកទេសចរក្នុងការទទួលយកបទពិសោធន៍​បែប​ធម្មតា និងអស្ចារ្យ ក៏ព្រោះតែកន្លែងដែលពួកគេកំពុងតែឈរ ឬអង្គុយនោះវាហាក់ដូចជាស្ថិតនៅកណ្ដាលអាការវេហា ដោយមានផ្ទាំងពពក​រសាត់អណ្ដែត​នៅជុំវិញវិញខ្លួន និងមានខ្លះទៀតនៅក្រោមបាតជើង។

ទីតាំងដែលអ្នកទេសចរប៉ងចង់ទៅលេងកម្សាន្តនោះវាស្ថិតនៅកម្ពស់រហូតដល់ ១០៨៨ម៉ែត្រ ដែលផ្ដល់នូវទិដ្ឋភាពអស្ចារ្យនៃ «unkai ឬហៅថា សមុទ្រនៃពពក» ដែលជាបាតុភូតធម្មជាតិដែលកើតឡើងក្រោមលក្ខខណ្ឌអាកាសធាតុជាក់លាក់។ អ្វីដែលកាន់តែពិសេសនោះគឺ​នៅកន្លែង​ Unkai Terrace ត្រូវបានរចនាឡើងជាពិសេសដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាខ្លួនឯងកំពុងស្ថិតនៅលើពពក ឬសមុទ្រ​ពពក​ជាមួយ​នឹង​ផ្ទៃ​រាបស្មើនៃកន្លែងអង្គុយ ពោរពេញដោយ​ការរចនាឡើងក្នុងរូបរាងពពក។ មានអង្រឹង និងគ្រែពពកសម្រាប់សម្រាក និងគយគន់ទេសភាព និងបរិយាកាសនៃការរសាត់អណ្ដែតរបស់ផ្ទាំងពពក។ ជាមួយគ្នានោះអ្នកទស្សនានឹងទទួលបានបទពិសោធន៍ថ្មីនៃការក្រេបរសជាតិកាហ្វេ KUMO Café ដោយមានបង្អែម និងភេជ្ជៈ​តាមបែបបរិយាកាស។

ពេលវេលាដ៏ល្អបំផុតដើម្បីទស្សនាសមុទ្រពពក ជាធម្មតានៅពេលព្រឹកព្រលឹមចាប់ពីខែកញ្ញា ដល់ខែតុលា ជាពិសេសនៅពេល​ដែល​មានភាព​ខុសគ្នា​ខ្លាំងរវាងសីតុណ្ហភាពពេលយប់ និងពេលថ្ងៃ ដែលបង្កើនលទ្ធភាពនៃការបង្កើតពពក៕​