(សេឡូណា)៖ ក្រុមកំពូលតារាង La Liga គឺ FC Barcelona បានដាក់សម្ពាធទៅលើក្រុមភ្ញៀវ Leganes និងមានការស៊ុតសរុបដល់ទៅ ២០ជើងឯណោះ តែលទ្ធផលចុងក្រោយចាញ់ ១-០ ដ៏គួរឱ្យភ្ញាក់ផ្អើលទៅវិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា Leganes បានយកឈ្នះក្រុមអ្នកមានបុណ្យជាលើកទី២ ពីការជួបគ្នា ៩លើកក្នុងលីគអេស្ប៉ាញ La Liga។
ពួកគេបានឡើងទៅឈរនៅលេខរៀងទី១៥ ក្នុងលីគជាបណ្តោះអាសន្នវិញ បន្ទាប់ពីកីឡាករ Sergio Gonzalez រកគ្រាប់បំប៉ោងសំណាញ់ទីតែ ១គ្រាប់ចាប់តាំងពី ៤នាទីដើមវគ្គទី១ មក ពីការលើកបាល់ជ្រុងរបស់មិត្តរួមក្រុម Oscar Rodriguez។
ការបាត់បង់ ៣ពិន្ទុក្នុងផ្ទះនេះដែរ បានធ្វើឱ្យក្រុមរបស់លោក Hansi Flick បន្តឈរទីកំពូលតារាងពីលើ Atletico Madrid ត្រឹមតែគ្រាប់បាល់ចំណេញប៉ុណ្ណោះ និងលើស ១ពិន្ទុផងដែរពីក្រុមការពារតំណែងជើងឯក Real Madrid ដែលកំពុងឈរលេខ៣។
Atletico បានយកឈ្នះ Getafe ១-០ កាលពីព្រលប់ថ្ងៃអាទិត្យម្សិលមិញ ដើម្បីមាន ៣៨ពិន្ទុស្មើជាមួយ Barcelona ដ្បិតអធិរាជស Real Madrid លេងស្មើទល់នឹង Rayo Vallecano ៣-៣ កាលពីរាត្រីថ្ងៃសៅរ៍ ប្រចាំសប្តាហ៍ទី១៨ ដោយសល់ ១ប្រកួតក្នុងផងដែរ៕