(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានចេញដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ (The 5th AVF Asian Vovinam Championships 2024) ចាប់ពីថ្ងៃទី១៧-២២ ខែធ្នូខាងមុខ ។
ថ្លែងក្រោយជូនដំណើរ សំណេះសំណាល និងលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងថា ជើងឯកវ៉ូវីណាមអាស៊ីឆ្នាំនេះ មានប្រទេសចូលរួមច្រើនជាងមុន ស្របពេលកម្ពុជា បានផ្ដល់ឱកាសដល់យុវជនបន្ដវេណជាច្រើន ចូលរួម ។ បែបនេះក្ដី លោកជឿជាក់យ៉ាងមុតមាំថា កីឡាករ-កីឡាការិនីកម្ពុជា នឹងព្យាយាមអស់ពីលទ្ធភាព ដើម្បីដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិមាតុភូមិ ។
ប្រធានសហព័ន្ធដដែលបន្ដថា «ទោះបីឆ្នាំនេះ ខ្ញុំបានផ្ដល់ឱកាសដល់អត្តពលិកវ័យក្មេង ដែលជាយុវជនបន្ដវេនចូលរួមការប្រកួត ប៉ុន្ដែការចូលរួមនេះ ខ្ញុំជឿជាក់ថា ពួកគាត់នឹងអាចធ្វើបាន ដោយសារពួកគាត់បានធ្វើការហ្វឹកហាត់ត្រៀមជាយូរមកហើយ ហើយក៏ធ្លាប់ចូលរួមការប្រកួតស៊ីហ្គេម និងការប្រកួតថ្នាក់ជាតិក្នុងស្រុកផងដែរ ។ អ៊ីចឹងអ្វីៗទាំងអស់ យើងសង្ឃឹមថា ទោះជាអត្តពលកថ្មីក៏ដោយ ប៉ុន្ដែយើងនឹងអាចដណ្ដើមមេដាយជូនជាតិផងដែរ» ។
គួរដឹងថា បេសកកម្មរបស់ក្រុមកីឡាវ៉ូវីណាមកម្ពុជាខាងលើ ដឹកនាំដោយលោកស្រី ញឹម ម៉ី អគ្គហេរញ្ញិក ជាប្រធានប្រតិភូ អមជាមួយគ្រូបង្វឹក និងគ្រូជំនួយ ៤នាក់ ព្រមទាំងកីឡាករ-កីឡាការិនី ១៩នាក់ ដែលត្រូវប្រកួតជាង ៣០វិញ្ញាសា ខណៈមុនចេញដំណើរសហព័ន្ធក៏បានឧបត្ថម្ភប្រាក់ហោប៉ាវមួយចំនួនផងដែរ ។ ជាមួយគ្នា សហព័ន្ធក៏បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលបានសម្រួលដល់ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជើងឯកអាស៊ីនេះផងដែរ ៕