(បរទេស)៖ យោងតាមរបាយការណ៍ថ្មីពីប្រទសបារាំងបានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងឈប់លក់ iPhone 14, iPhone 14 Plus និង iPhone SE នៅសហភាពអឺរ៉ុបគិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នេះតទៅ។ ពោលគឺ ឧបករណ៍ទាំងនេះនឹងត្រូវបានដកចេញទាំងនៅលើអនឡាញ​ និងលក់នៅក្នុងហាងផ្ទាល់ទូទាំងសហភាពអឺរ៉ុប ខណៈហាងលក់រាយទូទៅដែលមានការអនុញ្ញាតពី Apple នឹងនៅតែអាចបន្តលក់បាន​រហូតដល់អស់ពីស្តុក។ នេះបើយោងតាមការចេញផ្សាយដោយ​ GSMArena។

ប្រភពបានឱ្យដឹងថា នេះត្រូវបានធ្វើឡើងដើម្បីអនុលោមតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបដែលចែងថា ស្មាតហ្វូនទាំងអស់ដែលលក់នៅទីនោះត្រូវប្តូរទៅប្រើរន្ឋសាក USB-C។ បច្ចុប្បន្ននេះ ស្មាតហ្វូនទាំង ៣ខាងលើ គឺជាម៉ូដែល iPhone ចុងក្រោយដែលមាននៅក្នុងសហភាពអឺរ៉ុប ដែលប្រើប្រាស់រន្ធ Lightning។ ប្រភពពីប្រទេសបារាំងបានគូសបញ្ជាក់ថា Apple ក៏នឹងឈប់លក់ផលិតផលផ្សេងទៀតដែលមានរន្ឋ Lightning ដូចជា Magic Keyboard ដែលគ្មាន Touch ID ផងដែរ។

គួរជម្រាបថា Apple នៅមិនទាន់ប្រកាសពីដំណឹងនេះជាសាធារណៈនៅឡើយនោះទេ។​ បន្ថែមពីនេះ Apple ក៏ត្រូវបានគេលើកឡើងថា គ្រោងនឹងឈប់លក់ iPhone ដែលប្រើរន្ឋ Lightning នៅប្រទេសស្វីសផងដែរ ពេលវេលារំពឹងទុកអាចត្រឹមថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ៕