(ភ្នំពេញ)៖ សណ្ឋាគារថ្មី Shangri-La Phnom Penh ដែលគួរឱ្យទាក់ទាញនៅមាត់ទន្លេ បើកដំណើរការសាកល្បងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ការបើកដំណើរការនេះផងដែរ គឺជាសណ្ឋាគារទីមួយរបស់ក្រុមហ៊ុន Shangri-La Group នៅក្នុងប្រទេសកម្ពុជា។ សណ្ឋាគារនេះនឹងដាក់សម្ពោធស្វាគមន៍ភ្ញៀវជាផ្លូវការចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងបដិសណ្ឋារកិច្ចបែបអាស៊ី ជាមួយនឹងបន្ទប់ទទួលភ្ញៀវ និងជម្រើសទទួលទានអាហារជាច្រើនមុខ។

សណ្ឋាគារ Shangri-La Phnom Penh នេះស្ថិតនៅតំបន់កោះពេជ្រដែលជាតំបន់មានសក្តានុពល មានភាពរស់រវើក ហើយជាផ្នែកមួយនៃសំណង់ស្ថាបត្យកម្មដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងចង្កោមសំណង់អគារបីជាប់គ្នា ជាមួយនឹងកម្ពស់កប់ពពកដល់ទៅ២២៨ ម៉ែត្រ។  សណ្ឋាគារនេះ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនទេសចរណ៍ និងធុរៈកិច្ចនៃរាជធានីភ្នំពេញ ដោយបង្កើនការទាក់ទាញពីភ្ញៀវជាតិ អន្តរជាតិ និងអ្នកជំនួញក្នុងស្រុកផងដែរ។

សោភ័ណភាពនៃការរចនាផ្ទៃក្នុងរបស់សណ្ឋាគារនេះ មានការលាយបញ្ចូលនៃសិល្បៈជាច្រើន ដូចជាក្បាច់ Art Deco ក្បាច់ Neo-Classical និងក្បាច់វប្បធម៌ខ្មែរ និងរក្សាទុកនូវរចនាបថអត្តសញ្ញាណ Shangri-La និងបែបបេតិកភណ្ឌអាស៊ី។ ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់ទាំង៣០៣ នឹងរីករាយជាមួយទេសភាពដ៏អស្ចារ្យមិនអាចប្រៀបផ្ទឹមបាននៃចំណុចប្រសព្វរវាងទន្លេសាប និងទន្លេបាសាក់ ដែលជាផ្នែកនៃទន្លេមេគង្គ។

ការរចនាបន្ទប់នីមួយៗផ្ដោតលើ ក្បាច់រចនាផ្តល់អារម្មណ៍កក់ក្តៅ ការប្រើថ្មធម្មជាតិ និងពន្លឺថ្ងៃធម្មជាតិជាមួយបង្អួចដ៏ធំមានកម្ពស់ចាប់ពីរនាបរហូតដល់ដំបូល ដើម្បីផ្តល់នូវផាសុកភាពជូនភ្ញៀវនៅគ្រប់ជ្រុងនៃបន្ទប់ស្នាក់នៅក្នុងការសម្រាកលំហែរកាយនៅសណ្ឋាគារ Shangri-La Phnom Penh។ ភ្ញៀវក៏នឹងទទួលបានបទពិសោធន៍ទទួលទានអាហារនៅសណ្ឋាគារ Shangri-La Phnom Penh ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌក្នុងស្រុកដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ជាមួយនឹងគ្រឿងផ្សំស្រស់ៗក្នុងស្រុក។

ភោជនីយដ្ឋាន Kommune Dining & Social Space នឹងផ្តល់ជូនភ្ញៀវនូវឱកាសសាកល្បងរសជាតិម្ហូបអាហារខ្មែរពិតៗ ជាមួយនឹងមុខម្ហូបដែលមានប្រជាប្រិយភាពដូចជា ឡុកឡាក់សាច់គោ និងអាម៉ុកត្រី ដើម្បីជួយដល់សេដ្ឋកិច្ចកសិកម្មក្នុងស្រុក ថែមទាំងផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារនៅភោជនីយដ្ឋានដ៏សម្បូរបែប។ សណ្ឋាគារ Shangri-La Phnom Penh ក៏មានផ្ដល់ជម្រើសអាហារក្នុងស្រុកជាច្រើនមុខ នេះបញ្ចាក់ពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាលើផ្នែកអាហារផងដែរ។

Shangri-La Phnom Penh ក៏ផ្តល់ជូននូវជម្រើសអាហារដ៏ល្បីរបស់ Shangri-La Group បន្ថែមពីលើទៀតនោះគឺ Shang Palace ដែលផ្តល់ជូននូវមុខម្ហូបចិនដូចជា ទាប៉េកាំង និងស្កាយបារ Altitude ដែលផ្តល់បរិយាកាសរស់រវើកដូចជាការគយគន់ទេសភាពថ្ងៃលិច ទទួលទានស្រាក្រឡុក និងអាហារសម្រន់នឹងបើកដំណើរការក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៥ តទៅ។
សណ្ឋាគារ Shangri-La Phnom Penh ក៏មានបំពាក់ដោយគ្រឿងបរិក្ខារជាច្រើនដើម្បីបំពេញតម្រូវការជូនភ្ញៀវមិនថាជារូបភាពដំណើរបែបកម្សាន្ត ឬជំនួញ។

ជាមួយនឹងសាលប្រជុំដ៏ធំបំផុតនៃទីក្រុងភ្នំពេញ សណ្ឋាគារនេះត្រូវបានរំពឹងទុកថានឹងក្លាយជាទីកន្លែងដ៏ស័ក្តិសមមួយសម្រាប់ព្រឹត្តិការណ៍សំខាន់ៗដូចជា សន្និសីទ និងការជួបជុំសង្គម ដែលនឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ភ្ញៀវក៏ទទួលបានការសម្រាកលំហែកាយ និងមានផាសុកភាពខ្ពស់ជាមួយអាងហែលទឹក និងស្ប៉ា។ គ្រឿងបរិក្ខារទាំងនេះនឹងបើកដំណើរនៅក្នុងពេលឆាប់ៗនេះ។

លោក អូឌី អូដាយ៉ាផាន (Ody Odayappan) នាយកគ្រប់គ្រងទូទៅ Shangri-La Phnom Penh បានថ្លែងថា «ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយក្នុងការបើកដំណើរការសាកល្បង សណ្ឋាគារ​ Shanghai-La Phnom Penh ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការរីកលូតលាស់របស់ទីក្រុង និងតម្រូវការនូវវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។ សណ្ឋាគារនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការលាយបញ្ចូលគ្នានូវភាពទាន់សម័យជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃប្រទេសកម្ពុជា។ យើងមិនត្រឹមតែផ្តល់ជូននូវការស្នាក់នៅក្បែរមាត់ទន្លេប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់បទពិសោធន៍ជូនភ្ញៀវរបស់យើងនូវការរស់នៅបែបខ្មែរនៅក្នុងទីក្រុងដ៏រស់រវើកនេះ នេះគឺជា​តម្លៃស្នូលដែលសណ្ឋាគារ Shangri-La ទទួលបានកេរ្តិ៍ឈ្មោះលើបដិសណ្ឋារកិច្ចបែបអាស៊ី។ ការសម្លឹងទៅកាន់ឆ្នាំ២០២៥ របស់យើងគឺ ដូចដែលយើងរំពឹងថា នឹងការបើកសម្ពោធពេញលេញរបស់យើងនៅឆ្នាំ២០២៥ យើងមានការរំភើបចិត្តក្នុងការចូលរួមចំណែកដល់វិស័យទេសចរណ៍ អាជីវកម្ម និងការអភិវឌ្ឍវប្បធម៌បន្តរបស់រាជធានីភ្នំពេញ ខណៈដែលការខិតខំប្រឹងប្រែងរបស់យើងធ្វើសមាហរណកម្មក្នុងសហគមន៍»

ជាផ្នែកមួយនៃការបើកដំណាក់កាលទី១ ចាប់ពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវអាចចាប់ផ្តើមកក់ទុកដើម្បីចូលស្នាក់នៅបាន។ ភ្ញៀវក៏អាចរីករាយនឹងការទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន Kommune Dining & Social Space, Mekong Lounge និង Atelier ជាដើម។

ឥឡូវនេះសណ្ឋាគារ ShangriLa Phnom Penh បើកទទួលកក់បន្ទប់ និងភោជនីយដ្ឋានហើយ។ សូមចូលទៅកាន់គេហទំព័រ https :// www.shangrila.com/en/phnompenh/shangrila/ ឬទាក់ទង (855) 23​ 913 888 សម្រាប់ព័ត៌មានបន្ថែម៕