(បរទេស)៖ តុលាការឧទ្ធរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិក បានបដិសេធសំណើរបស់ TikTok ក្នុងការបញ្ឈប់ជាបណ្តោះអាសន្ននូវការអនុវត្តច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ចិនគឺ ByteDance ដកខ្លួនចេញពីកម្មវិធី ឬប្រឈមនឹងការហាមឃាត់ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ សេចក្តីសម្រេចរបស់តុលាការបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ហើយបានសង្កត់ធ្ងន់ថា TikTok បរាជ័យក្នុងការផ្តល់នូវគំរូសម្រាប់ការបញ្ឈប់សកម្មភាពសភា បន្ទាប់ពីប្រឈមមុខនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទសប្តាហ៍មុន TikTok និងក្រុមហ៊ុនមេ ByteDance បានដាក់ញ្ញត្តិជាបន្ទាន់ទៅកាន់សាលាឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់សង្កាត់ Columbia ដោយស្នើសុំពេលវេលាបន្ថែមទៀតដើម្បីដំណើរការសំណុំរឿងរបស់ពួកគេទៅកាន់តុលាការកំពូលរបស់សហរដ្ឋអាមេរិក។ ខណៈពេលនោះ TikTok ត្រូវបានព្រមានថា ប្រសិនបើគ្មានចំណាត់ការរបស់តុលាការទេ ច្បាប់នឹង «បិទ TikTok - ដែលជាវេទិកាដ៏ពេញនិយមបំផុតមួយរបស់ប្រទេស - ដែលមានអ្នកប្រើប្រាស់នៅអាមេរិកជាង ១៧០លាននាក់ក្នុងមួយខែ»

យ៉ាងណា​ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការថ្មីៗនេះ អ្នកនាំពាក្យ TikTok បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងយកសំណុំរឿងរបស់ខ្លួនទៅកាន់តុលាការកំពូល ដោយសង្កត់ធ្ងន់ថា «តុលាការកំពូលមានកំណត់ត្រាប្រវត្តិសាស្ត្រ ដែលបានបង្កើតឡើងយ៉ាងល្អក្នុងការការពារសិទ្ធិសេរីភាពបញ្ចេញមតិរបស់ជនជាតិអាមេរិក»

គួរជម្រាប​ថា នៅក្រោមច្បាប់ថ្មី TikTok នឹងត្រូវបានហាមឃាត់ ប្រសិនបើចង់មានវត្តមាននៅអាមេរិកលុះត្រាតែ ByteDance ព្រមលក់វា បើពុំដូចោ្នះទេនឹងបិទចោលត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះតែម្តង។ ច្បាប់នេះ ក៏ផ្តល់ឱ្យរដ្ឋាភិបាលអាមេរិកក្នុងការហាមឃាត់កម្មវិធីគ្រប់គ្រងដោយបរទេសផ្សងទៀតដែលអាចបង្កើនការព្រួយបារម្ភអំពីការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិកផងដែរ។ ក្រសួងយុត្តិធម៌អាមេរិកអះអាងថា «ការបន្តការគ្រប់គ្រងរបស់ចិនលើកម្មវិធី TikTok បង្កការគំរាមកំហែងជាបន្តបន្ទាប់ដល់សន្តិសុខជាតិ»