(ភ្នំពេញ)៖ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ប្ដេជ្ញាដឹកនាំក្រុមឆ្ពោះទៅស្វែងរកលទ្ធផលល្អ សម្រាប់ការប្រកួតសេសសល់ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ក៏ដូចជាក្រុមដំរីកសឹកថៃ ជាជាងផ្ដោតកៅអីវគ្គបន្ដ ដ្បិតកម្ពុជាសល់ឱកាសស្ដួចស្ដើងប៉ុណ្ណោះ ក្នុងការប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ។

នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត នៅព្រឹកថ្ងៃច័ន្ទនេះ ស្របពេលក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះ ស្វាគមន៍ក្រុមជម្រើសជាតិទីម័រខាងកើត នាវេលាម៉ោង ៥៖៤៥នាទីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ ដែលនេះគឺជាការប្រកួតទី៣ ក្នុងពូលA របស់ក្រុមគោព្រៃកម្ពុជា ខណៈជាការប្រកួតចុងក្រោយរបស់ទីម័រខាងកើត ។

បុរសជនជាតិជប៉ុនខាងលើ បានលើកឡើងថា ការប្រកួត ២លើកកន្លងមកជាមួយម៉ាឡេស៊ី និងសិង្ហបុរី គឺមិនអាក្រក់ពេលនោះទេ តែលោកនឹងព្យាយាមរៀបចំក្រុមឲ្យបានល្អ ក៏ដូចជាប្រឹងប្រែងស្វែងរកលទ្ធផលល្អឲ្យបាន ទោះបីក្ដីសង្ឃឹមសម្រាប់ក្រុមជម្រើសជាតិកម្ពុជា នៅសល់តិចតួចក៏ដោយ ។

លោក Koji Gyotoku «បើនិយាយលើក្ដីសង្ឃឹម បើគិតលើឱកាស យើងនៅមាន គ្រាន់តែនៅសល់ស្ដួចស្ដើង តែពួកយើងនៅសល់ ២ប្រកួតទៀត ។ អ្វីដែលយើងត្រូវផ្ដោតសំខាន់បំផុត អត់ទាន់គិតរឿងហ្នឹងនៅឡើយទេ គឺផ្ដោតលើការប្រកួតថ្ងៃស្អែក ធ្វើយ៉ាងម៉េចដើម្បីទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតជាមួយទីម័រខាងកើត និងការប្រកួតបន្ដទៀត(ជួបថៃ)»

ដោយឡែកលោក Simon Elisettche គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត បានសម្ដែងក្ដីរីយរាយ ដែលបានមកលេងជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមប្រទេស ដែលកំពុងមានការរីកចម្រើន ទាំងក្លិប និងរបៀបលេង ហើយក៏មានកីឡាករទីម័រខាងកើតមួយចំនួន កំពុងប្រកបអាជីពនៅលីគកម្ពុជាផងដែរ ។ លោកជឿជាក់ថា ជំនួបរវាងក្រុមទាំងពីរ នឹងផ្ដល់នូវទស្សនីយភាពដ៏រីករាយសម្រាប់អ្នកទស្សនា តាមរយៈការប្រកួតដ៏ជក់ចិត្ត ហើយលោកក៏សង្ឃឹមថា កូនក្រុមនឹងធ្វើបានល្អ ដើម្បីទទួលបាន ៣ពិន្ទុផងដែរ ៕