(ភ្នំពេញ)៖ យុវជន ឌី ទួនសិរីរ័តន៍ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស នៅខេត្តកែប បានបង្ហាញនូវមោទនភាព ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗ ជាច្រើន ពិសេសស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលសបញ្ជាក់ឲ្យឃើញនូវភាពរុងរឿង និងអស្ចារ្យរបស់កម្ពុជា ។

ការបញ្ជាក់នេះ បន្ទាប់ពីយុវសិស្សរូបនេះ បានចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានសិស្សានុសិស្ស ១០០នាក់ចូលរួម ដែលបង្រៀនដោយលោក ប៊ុយ សុភ័ណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគ្រូឧទ្ទេស ។

យុវជនដដែលបន្ដថា នេះជាលើកទី១ហើយ ដែលខ្លួនបានចូលរួមកម្មវិធីផ្សព្វផ្សាយកម្មវិធីគុណតម្លៃអូឡាំពិកនេះ ខណៈបន្ទាប់ពីបានចូលរួមវគ្គដ៏សំខាន់នេះ រូបគេបានចាត់ទុកវគ្គនេះ ពិតជាមានសារៈសំខាន់ក្នុងការយល់ដឹងពីកីឡាអូឡាំពិក និងការប្រកួតកីឡាធំៗឯទៀត ជាពិសេសក្នុងប្រទេសកម្ពុជា ដែលនេះបានបង្ហាញថា ប្រទេសជាតិមានភាពរុងរឿង ព្រោះអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗបាន ។

យុវជន ឌី ទួនសិរីរ័តន៍ បាននិយាយថា «ការរៀបចំវគ្គនេះ គឺបានផ្សព្វផ្សាយ ដើម្បីឲ្យយុវជនយើងស្គាល់ពីកីឡាអូឡាំពិក និងការប្រកួតកីឡាធំៗនៅកម្ពុជា ដែលពីមុនប្រទេសយើង ធ្លាប់តែជាប្រទេសមានសង្គ្រាម តែឥលូវប្រទេសរបស់យើង បានក្លាយជាប្រទេសមួយ បានធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផង ។ ខ្ញុំគិតថា នេះគឺជាភាពរុងរឿង និងអស្ចារ្យមួយរបស់ប្រទេសយើង»