(បរទេស)៖ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ Dave Allen បានថ្លែងថា «ខ្ញុំមិនចង់រស់នៅក្នុងជីវិតស្តាយក្រោយទេ និងគ្រាន់តែចង់ដឹងថា តើខ្ញុំពូកែប៉ុណ្ណា?»។
ក្រោយពីការប្រកបប្រដាល់អាជីពរយៈពេល ១២ឆ្នាំមកនេះ ពោលគឺចាប់ពីខែធ្នូ ឆ្នាំ២០១២ កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានកំពុងទន្ទឹងរង់ចាំជំនួបធំទល់នឹងកីឡាករ Johnny Fisher នាចុងសប្តាហ៍នេះនៅអារ៉ាប៊ីសាអូឌីត។
បុរសសញ្ជាតិអង់គ្លេសខាងលើនេះបានថ្លែងប្រាប់ BBC Sport ថា «ខ្ញុំបានធ្លាក់ពីចំណុចកំពូល ដោយមិនខ្វល់ខ្វាយពីនរណានិយាយអ្វីនោះទេ។ កន្លងមកខ្ញុំធ្លាប់ផ្តួលអតីតជើងឯកខ្សែក្រវាត់ WBA គឺ Lucas Browne ក៏ខ្ញុំមិនទាន់ដឹងថា ខ្ញុំពូកែប៉ុណ្ណាដែរ។ ការប៉ះ Fisher ខ្ញុំគិតថា ជាជំនួបធំសម្រាប់ខ្ញុំ ហើយរំពឹងថា អាចផ្តួលគាត់បាន ព្រោះខ្ញុំគិតថា គាត់គ្រាន់តែជាទារកមួយសម្រាប់ខ្ញុំប៉ុណ្ណោះ»។
ជាមួយនឹងការឡើងសង្វៀនសរុប ៣១លើក រួមទាំងធ្លាប់គ្រប់គ្រងខ្សែក្រវាត់ WBA និង WBC ផងនោះ រូបគេធ្លាប់ឈ្នះ ២៣ដង និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១៨ដង ក្រៅពីចាញ់ ៦ដង និងស្មើ ២ដង Allen បានទម្លាយថា រូបគេបានប្រើវិធីជំរុញចិត្តក្នុងការបន្តអាជីពឈឺសាច់មួយនេះ តាមរយៈជ័យជម្នះបើកឆាកដោយពិន្ទុទៅលើកីឡាករ Rolandas Cesna ក្នុងការប្រកួតតែ ៦ទឹកកាលឆ្នាំ២០១២៕