(ភ្នំពេញ)៖ ធនាគារ ABA មានកត្តិយសប្រកាសការបរិច្ចាគជាមួយថវិកាសរុបចំនួន ១០ ០០០ ដុល្លាអាមេរិក ជូនដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដែលជាអង្គការអន្តរជាតិមិនរកប្រាក់កម្រៃ ដែលប្តេជ្ញាចិត្តក្នុងការផ្តល់សេវាព្យាបាលជំងឺ ឥតគិតថ្លៃជូនកុមារទូទាំងប្រទេសកម្ពុជា។ ការរួមចំណែកដ៏ធំធេងនេះ នឹងជួយដល់បេសកម្មរបស់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងការពង្រីកសេវាកម្មថែទាំសុខភាព ជាមួយការសាងសង់មជ្ឈមណ្ឌលព្យាបាលទី២ របស់ពួកគេ។

មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី បេះដូងជប៉ុន ដែលនឹងគ្រោងបើកដំណើរការនៅក្រុងតាខ្មៅ ក្នុងខែតុលា ឆ្នាំ២០២៥ មានសេវាឯកទេសផ្នែកជំងឺទូទៅ ផ្នែកសល្យសាស្រ្ត និងជំងឺមហារីកកុមារ។ គម្រោងពង្រីកមណ្ឌលព្យាបាលនេះ ជាចំណែកដ៏សំខាន់ ក្នុងការឆ្លើយតបទៅនឹងការកើនឡើងនូវតម្រូវការការថែទាំសុខភាពប្រកបដោយគុណភាព និងធានាថាកុមារជាច្រើនរូបនឹងទទួលបានការសង្គ្រោះជីវិតតាមរយៈការព្យាបាល។

ពិធីប្រគល់ថវិកាឧបត្ថម្ភនេះ បានប្រព្រឹត្តឡើងនៅថ្ងែទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោក Zhiger Atchabarov ប្រធានប្រតិបត្តិការនៃធនាគារ ABA និង លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ព្រមទាំងក្រុមការងារនៃភាគីទាំងពីរ នៅមជ្ឈមណ្ឌលផ្ទាល់ ក្នុងស្រុកឧដុង្គ ខេត្តកណ្តាល។

លោក Zhiger Atchabarov បានថ្លែងថា «ថ្ងៃនេះ ធនាគារ ABA មានកត្តិយសក្រៃលែង ក្នុងការរួមចំណែកដល់ការពង្រីកសាខាទី២ របស់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងក្រុងតាខ្មៅ។ យើងខ្ញុំ យល់ច្បាស់ថាការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ជាមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាពរបស់បុគ្គលម្នាក់ៗ និងសហគមទាំងមូល»

លោកក៏បានបន្តថា «ពេលវេលានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចក្ខុវិស័យរួមគ្នា ក្នុងការផ្តល់ការថែទាំសុខភាពដែលល្អប្រសើរ និងអនាគតភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជា។ យើងខ្ញុំសង្ឃឹមថា តាមរយៈការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុននេះ នឹងជួយសង្គ្រោះជីវិតជាច្រើនបន្តទៀត»

លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ ក៏បាននិយាយថា «នៅមជ្ឈមណ្ឌលព្យាបាល យើងខ្ញុំជឿជាក់ថាកុមារគ្រប់រូបសមនឹងទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ជាពិសេសក្មេងៗដែលកើតជំងឺមហារីក ដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេឡើយ។ ប៉ុន្តែគ្រួសារជាច្រើន ប្រឈមនឹងបញ្ហាជាច្រើនក្នុងការព្យាយាមគាំទ្រការព្យាបាលកូនរបស់ពួកគាត់»

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា «ដូច្នេះហើយ ការបរិច្ចាគនេះនឹងផ្លាស់ប្តូរជីវិតរបស់ពួកគេកាន់តែប្រសើរ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ ABA សម្រាប់ការបរិច្ចាគដ៏សប្បុរសនេះ។ យើងខ្ញុំ ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នាក្នុងថ្ងៃអនាគត និងបន្តបេសកម្មរួមគ្នាក្នុងការផ្តល់ការថែទាំដល់អ្នកដែលត្រូវការបំផុត។ ជាចុងក្រោយ យើងខ្ញុំសូមសំណូមពរ អាណាព្យាបាលគ្រប់រូបដែលដឹងថាកូនៗមានអាការៈដូចនឹងកើតជំងឺមហារីកណាមួយ មកពិគ្រោះ និងទទួលព្យាបាលពីមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនដោយឥតគិតថ្លៃ»

ចាប់តាំងពីការពង្រីកខ្លួនមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ និងចាប់ផ្តើមផ្តល់សេវាព្យាបាលជំងឺមហារីកនៅឆ្នាំ២០១៨ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ក្នុងខេត្តកណ្តាល បានធ្វើការដោយឥតហត់នឿយ។ មកដល់ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌលបានផ្តល់ការថែទាំសុខភាព និងពិនិត្យជំងឺចំនួន ៩៨ ៣៦៣ និងការវះកាត់ចំនួន ៨ ៦៨០។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបានផ្តល់ការព្យាបាលដល់អ្នកជំងឺក្រៅចំនួន ២០ ០០០ នាក់ និងអ្នកជំងឺវះកាត់ចំនួន ៣ ០០០ ករណី។

ធនាគារ ABA នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគំនិតផ្តួចផ្តើមថែទាំសុខភាពប្រកបដោយគុណភាព ដែលជាសមិទ្ធផលយូរអង្វែងមួយដែលគិតលើសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ នាពេលអនាគត។

អតិថិជនរបស់ ABA ក៏អាចរួមចំណែកក្នុងការគាំទ្រដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដោយផ្ទាល់ក្នុងកម្មវិធី ABA Mobile បាន។

លោកអ្នកអាចបរិច្ចាគដោយគ្រាន់តែធ្វើតាមជំហានទាំងនេះ៖

* បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង ទូទាត់ប្រាក់
* ចូលទៅផ្នែក សប្បុរសធម៌ និងការបរិច្ចាគ និងជ្រើសរើស មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន
* ជ្រើសរើសគណនីធនាគារដែលអ្នកចង់ធ្វើការបរិច្ចាគ បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងចំនួនទឹកប្រាក់ រួចចុចប៊ូតុង បង់ឥឡូវ៕