(ភ្នំពេញ)៖ ម៉ាស៊ីនទឹកក្តៅ ម៉ូដែល AQUARIUS សេរ៊ី F&G និងចង្រ្កានអគ្គិសនី ម៉ាករីនណៃ(Rinnai) ​ជំនាន់ថ្មី ដែលមានបច្ចេកវិទ្យាទំនើប និងការរចនាបែបទាន់សម័យ ​ដែលជាផលិតផលលេខមួយនៅជប៉ុន ត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជាហើយ ដើម្បីបំពេញតម្រូវការអតិថិជន។

ម៉ាស៊ីនទឹកក្តៅ​ សេរ៊ី F&G និងចង្រ្កានជំនាន់ថ្មី ម៉ាក Rinnai ត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន ខេមខូណាត្រេដឌីង (ខេមបូឌា) ខូអិលធីឌី និងបានសម្ពោធជាផ្លូវការ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤​។

ថ្លែងក្នុងពិធីជួបជុំមហាគ្រួសាររីនណៃ និងសម្ពោធផលិតផលថ្មី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤​ លោកស្រី គឹមស្រ៊ុន អេលីដា នាយិកាក្រុមហ៊ុន ខេមខូណាត្រេដឌីង (ខេមបូឌា) ខូអិលធីឌី បានលើកឡើងថា ការនាំចូល ម៉ាស៊ីនទឹកក្តៅ និងចង្ក្រានអគ្គិសនី ម៉ាករីនណៃ ​សេរ៊ីថ្មី​ នេះ គឺដើម្បីបំពេញតាមតម្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន និងអ្នកប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ ផលិតផលទាំងនេះ គឺពោពេញទៅដោយលក្ខណៈពិសេសដែលមានប្រសិទ្ធភាព សន្សំសំចៃថាមពល រចនាបទស្អាតទំនើបទាន់សម័យ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ប្រកបដោយផាសុខភាព។

លោកស្រី បានឱ្យដឹងថា អស់រយៈពេល១២ឆ្នាំហើយ ដែលក្រុមហ៊ុនខេមខូណា បានចែកចាយផលិតផលរីនណៃ នៅកម្ពុជា  ដែលក្នុងរយៈពេលជាង១០ឆ្នាំនេះ រីនណៃបានក្លាយជាម៉ាកយីហោដែលអតិថិជន មានទំនុកចិត្តខ្ពស់ និងទទួលបានកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស ដោយសារផលិតផលមានគុណភាពខ្ពស់ប្រកបដោយភាពច្នៃប្រឌិត ប្រើធន់បានយូរ និងមានសេវាកម្ម គាំទ្រដល់អតិថិជន។

លោក Takeshi Shinji ប្រធានផ្នែកគ្រប់គ្រងការលក់ក្រៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសាជីវកម្មរីនណៃជប៉ុន បានថ្លែងថា ផលិតផលម៉ាករីនណៃត្រូវបានទទួលស្គាល់ និងមានសមិទ្ធិផលល្អប្រសើរនៅកម្ពុជា ដែលលទ្ធផល​ ល្អប្រសើរនេះអាចប្រៀបធៀបទៅនឹងប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកលើកឡើងថា ការនាំចូលផលិតផលទាំងពីរនេះមកកម្ពុជា ដើម្បីបំពេញតម្រូវការអតិថិជននៅកម្ពុជា ហើយលោកមើលឃើញថា កម្ពុជាគឺជាទីផ្សារដែលមានសក្តានុពល និងទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់។

លោកបន្ថែមថា រីនណៃ​ គឺជាម៉ាកយីហោមកពីប្រទេសជប៉ុនដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ ហើយផលិតផលទាំងអស់របស់រីនណៃ គឺផ្តោតជាចម្បងទៅលើគុណភាព ​ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់។

លោក គង់ សាមាឌី បុគ្គលិកផ្នែកលក់នៃក្រុមហ៊ុនរីនណៃ បាន​លើកឡើងពីលក្ខណៈពិសេសនៃម៉ាស៊ីនទឹកក្តៅ ​សេរ៊ី F&G  នេះថា ម៉ាស៊ីនទឹកក្តៅថ្មីនេះ បានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ជាងមុន  ទឹកឆាប់ក្តៅជាងសេរ៊ីមុន ការរចនាស្អាតជាងមុន និងសំលេងម៉ូទ័រស្ងាត់ជាងមុន។ ចំណែកចង្រ្កានអគ្គិសនីវិញ មាន២ប្រភេទ គឺប៉ះក្តៅ និងប៉ះមិនក្តៅ ។ ចង្រ្កានអគ្គិសនី ដែលទើបនឹងនាំចូលថ្មីនេះ ត្រូវបានកែប្រែរូបថ្មី ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រើប្រាស់ ហើយវាក៏មានមុខងារកំណត់នាទីសម្រាប់ការ​ប្រើប្រាស់ និងមានមុខងារសម្រាប់ចាក់សោរការពារមិនឱ្យក្មេងចុចលេងបានផងដែរ។

ក្នុងឱកាសសម្ពោធនូវផលិតផលថ្មីទាំងពីរប្រភេទនេះ ក្រុមហ៊ុនក៏ផ្តល់នូវប្រូម៉ូសិនពិសេស ដែលមានរយៈពេល៤ថ្ងៃ ប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៤។ រាល់ការជាវ ម៉ាស៊ីនទឹកក្តៅសេរ៊ីថ្មី និងចង្រ្កានអគ្គិសនីម៉ូដែលថ្មីនេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១០%ក្នុងមួយគ្រឿងភ្លាមៗ ។ ហើយរាល់ការទូទាត់ភ្លាមៗក្រោយទទួលបានទំនិញ ក្រុមហ៊ុននឹងបញ្ចុះតម្លៃជូន៣%បន្ថែមទៀត​។

​ក្នុងពិធីជួបជុំគ្រួសាររីនណៃដែលមានការចូលរួមពីដេប៉ូចែកចាយបន្តទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក៏មានការផ្តល់នូវប័ណ្ណសរសេរ និងថ្លែងអំណរគុណដល់ដេប៉ូចែកចាយបន្ត ឆ្នើមចំនួន១០រូបដែលជាវផលិតផលរីនណៃបានច្រើនជាងគេ នៅក្នុងឆ្នាំ២០២៤ និងការចាប់ឆ្នោតផងសំណាងផងដែរ៕