(ភ្នំពេញ)៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានចាត់ទុកការបណ្ដុះបណ្ដាលកីឡាគ្រូបង្វឹកវ័យក្មេង នឹងក្លាយជាធនធានដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងផលិតបាននូវធនធានកីឡាករ-កីឡាការិនីបន្ដវេន សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។
ការបង្ហាញសុទិដ្ឋិនិយមនេះ ក្រោយបញ្ចប់វគ្គសាមគ្គីអូឡាំពិ កស្តីពីគ្រូបង្វឹកកីឡាហែលទឹកកម្រិត១ ដែលសម្របសម្រួលរៀបចំគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា(NOCC) ក្រោយប្រព្រឹត្តទៅរយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី០៩-១៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាម ២៥នាក់ចូលរួម និងបង្រៀនដោយគ្រូឧទ្ទេសជនជាតិអេស្ប៉ាញលោក Lopez Akvarado Miguel Angel មកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ។
មន្ដ្រីសហព័ន្ធដដែល បានគូសបញ្ជាក់ថា ឆ្លងកាត់ការបង្រៀនពីគ្រូអន្តរជាតិយៈពេល ១សប្តាហ៍មកនេះ សិក្ខាកាមទទួលបានចំណេះជំនាញយ៉ាងច្រើន សម្រាប់យកទៅអនុវត្តការបង្ហាត់តាមសមាគម/ក្លិប។ តាមរយៈនេះ លោកសិក្ខាកាម ដែលសុទ្ធសឹងជាគ្រូបង្វឹកវ័យក្មេង នឹងក្លាយជាធនធានរួមចំណែកផលិតបានធនធានកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងល្អៗជូនកម្ពុជាពោពេញដោយសក្កានុពលនាថ្ងៃអនាគត ។
ឆ្លៀតឱកាសនោះដែរ លោក ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គ្រូឧទ្ទេស ក៏ដូចជាការខិតខំសិក្សារបស់សិក្ខាកាមទាំងអស់ ។ លោកសង្ឃឹមថា សិក្ខាកាមទំាងអស់ ដែលជាគ្រូបង្វឹកកម្រិត ១ នឹងយកចំណេះដឹងទាំងអស់ទៅបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីនៅតាមអង្គភាព និងក្លិបនានាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព នាពេលខាងមុខ ៕