(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយនឹងសហព័ន្ធកីឡាជាតិ បានរៀបចំកម្មវិធីកីឡាដើម្បីទាំងអស់គ្នា ឆ្នាំ២០២៤ (Sport for All 2024) ក្រោមប្រធានបទ «ប្រជាជនម្នាក់លេងកីឡាមួយមុខ» ដើម្បីបំផុសសកម្មភាពកីឡាដល់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ (ជុំទី៣) នៅខេត្តកំពត កាលពីចុងសប្ដាហ៍កន្លងទៅផងដែរ ។

តាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កម្មវិធីកីឡាដើម្បីទាំងអស់គ្នា ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ជាក់ស្ដែងឆ្នាំនេះ NOCC ដោយមានកិច្ចសហការពីសហព័ន្ធកីឡាជាតិ បានរៀបចំនូវសកម្មភាពកីឡាជាច្រើន នៅខេត្តកំពត ដូចជារត់កម្សាន្ដ ជិះកង់ បាល់ទះឆ្នេរខ្សាច់ កីឡាទូកក្ដោង កីឡាម៉ូតូទឹក និងកីឡាហោះហើរជាដើម ។

លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងរបស់ NOCC បានបន្ថែមដែលថា គោលបំណងនៃកម្មវីធីកីឡាដើម្បីទាំងអស់គ្នា គឺដើម្បីបំផុសការចូលរួមលេងកីឡា ស្របតាមគុណតម្លៃនៃចលនាអូឡាំពិក ហើយក៏ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាល «ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត» ក៏ដូចជាដើម្បីផ្សព្វផ្សាយដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអូឡាំពិអាស៊ី លើកទី៤ ឆ្នាំ២០២៩ ផងដែរ ៕