(ភ្នំពេញ)៖ Mony Ratana Pictures ប្រចាំប្រទេសកម្ពុជា បានប្រកាសពីភាពជោគជ័យដ៏លើសលុបនៅក្នុងការចាក់បញ្ចាំងខ្សែភាពយន្តឥណ្ឌាមានចំណងជើងថា «Pushpa 2: The Rule» នៅថ្ងៃទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend សាខាផ្សារទំនើបជីបម៉ុង២៧១ Mega Mall រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះទាក់ទាញអ្នកចូលទស្សនាជាង ៤៥០នាក់ ដែលធ្វើឱ្យខ្សែភាពយន្តឥណ្ឌានេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងលើសពីការរំពឹងទុក។
តំណាង Mony Ratana Pictures បានឱ្យដឹងថា យើងសូមអំណរគុណយ៉ាងខ្លាំងចំពោះអ្នករាល់គ្នាដែលបានមកចូលរួមជាមួយយើងសម្រាប់ការចាក់បញ្ចាំងខ្សែភាពយន្តឥណ្ឌាពិសេសនេះ។ ភាពរីករាយនិងការគាំទ្ររបស់អ្នកពិតជាមិនគួរឱ្យជឿ ហើយយើងពិតជារំភើបក្នុងការបន្តនាំយកបទពិសោធន៍ខ្សែភាពយន្តដ៏គួរឱ្យរំភើបដល់អ្នកបន្ថែមទៀត។
តំណាងក្រុមហ៊ុន Mony Ratana Pictures ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសមាគមឥណ្ឌានៃកម្ពុជា (IACC) ដែលជាអ្នកឧបត្ថម្ភការចាក់បញ្ចាំងខ្សែភាពយន្ត និងដៃគូសហការ សម្រាប់ការគាំទ្រដ៏មានតម្លៃ ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ ការចាក់បញ្ចាំងខ្សែភាពយន្តនាពេលនេះ តំណាងដល់ការផ្សព្វផ្សាយកេរ្តិ៍ដំណែលដ៏សម្បូរបែប នៃភាពយន្តពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។
បេសកកម្មរបស់យើង គឺនាំយកភាពរីករាយ វប្បធម៌ និងការកម្សាន្តនៃវិស័យខ្សែភាពយន្តឥណ្ឌាជូនដល់ទស្សនិកជនកម្ពុជា និងជំរុញឱ្យមានការកោតសរសើរ ចំពោះបទពិសោធន៍នៃខ្សែភាពយន្តចម្រុះជាតិសាសន៍។ ការចាក់បញ្ចាំងខ្សែភាពយន្តពិសេស "Pushpa 2: The Rule" បានប្រើប្រាស់ភាសាឥណ្ឌាចំនួន ៣ភាសា ក្នុងនោះមានហិណ្ឌូ តេលូហ្គូ (ភាសាដើម) និងតាមិល ដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស សម្រាប់បកប្រែភាសាទាំងបី។
សម្រាប់ថ្ងៃអនាគត យើងគ្រោងនឹងចាក់បញ្ចាំងខ្សែភាពយន្តបន្ទាប់ គឺ Baby John, Game Changers និង Chaava ក្នុងរយៈពេល ៣ខែបន្ទាប់។ យើងក៏បានផ្តល់សំបុត្រដោយឥតគិតថ្លៃ សម្រាប់និស្សិតមកពីឧស្សាហកម្មភាពយន្តផងដែរ។ ជាចុងក្រោយ យើងអំពាវនាវឱ្យប្រជាជនកម្ពុជាគាំទ្រកាន់តែច្រើនឡើង ព្រោះនេះជាផ្នែកមួយនៃការបញ្ចាំងភាពយន្តពិសេសឥណ្ឌាជាង ២,០០០រឿងក្នុងមួយឆ្នាំ និងជាង ២០ភាសា៕