(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមភ្ញៀវទីម័រខាងកើត នាវេលាម៉ោង ៥៖៤៥នាទីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ពូលA ។ ចាំមើលតើក្រុមគោព្រៃកម្ពុជា អាចដណ្ដើមបាន ៣ពិន្ទុពីក្រុមភ្ញៀវ ដែលមិនទាន់ស្គាល់ឈ្នះបានដែលឬទេ?
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ការប្រកួត ២លើកកន្លងមកជាមួយម៉ាឡេស៊ី និងសិង្ហបុរី គឺមិនអាក្រក់ពេលនោះទេ ។ ដូច្នេះលោកនឹងព្យាយាមរៀបចំក្រុមឲ្យបានល្អ ក៏ដូចជាប្រឹងប្រែងស្វែងរកលទ្ធផលល្អឲ្យបាន ទោះបីក្ដីសង្ឃឹមសម្រាប់ក្រុមជម្រើសជាតិកម្ពុជា នៅសល់តិចតួចក៏ដោយ ។
លោកថា «ការជួបជាមួយទីម័រខាងកើតនេះ ពួកយើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះ ។ ថ្វីដ្បិតតែកីឡាកររបស់យើងមួយចំនួនបានរបួស និងមិនអាចបន្ដក្នុងព្រឹត្តិការណ៍នេះក៏ពិតមែន យើងនៅតែមានកីឡាករផ្សេងៗ ដែលអាចជំនួសពួកគាត់បាន ហើយយើងនៅតែមានជំនឿលើក្រុមជម្រើសជាតិកម្ពុជាថា នឹងអាចយកលទ្ធផលល្អជូនដល់អ្នកគាំទ្រ» ។
ដោយឡែកលោក Simon Elisettche គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើត បានសម្ដែងក្ដីរីយរាយ ដែលបានមកលេងជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមប្រទេស ដែលកំពុងមានការរីកចម្រើន ទាំងក្លិប និងរបៀបលេង ហើយក៏មានកីឡាករទីម័រខាងកើតមួយចំនួន កំពុងប្រកបអាជីពផងដែរ ។ លោកជឿជាក់ថា ជំនួបរវាងក្រុមទាំងពីរ នឹងផ្ដល់នូវទស្សនីយភាពដ៏រីករាយសម្រាប់អ្នកទស្សនា តាមរយៈការប្រកួតដ៏ជក់ចិត្ត ហើយលោកក៏សង្ឃឹមថា កូនក្រុមនឹងធ្វើបានល្អ ដើម្បីទទួលបាន ៣ពិន្ទុផងដែរ ។
គួរដឹងថា នេះគឺជាការប្រកួតចុងក្រោយរបស់ក្រុមទីម័រខាងកើត ក្នុងវគ្គចែកពូល បន្ទាប់ពីអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ។ សម្រាប់ក្រុមគោព្រៃកម្ពុជា ក្រោយជួបក្រុមភ្ញៀវទីម័រខាងកើត នឹងត្រូវធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីធ្វើការប្រកួតបញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។ ២ប្រកួតចុងក្រោយនេះ កម្ពុជាត្រូវការឈ្នះដាច់ខាត និងគ្រាប់បាល់ច្រើនថែមទៀត ដើម្បីមានឱកាសអ៊ុតកៅអីវគ្គបន្ដ ៕