(បរទេស)៖ ខ្សែប្រយុទ្ធ Ademola Lookman ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Atalanta នៃប្រទេសអ៉ីតាលី ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២៤ នេះ ក្នុងនាមកីឡាករនៅតំបន់អាហ្វ្រិក (CAF)។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
ជាមួយគ្នានោះដែរ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ ក៏បានក្លាយជាកីឡាកររបស់នីហ្សេរីយ៉ាទី២ ដែលដណ្តើមបានពានឯកត្តជន ២ឆ្នាំជាប់ៗគ្នាផងដែរ បន្ទាប់ពី Victor Ohimhen ត្រូវបានបោះឆ្នោតជាប់កាលឆ្នាំ២០២៣ ដែលជាខ្សែប្រយុទ្ធមកពីក្របខណ្ឌ Serie A ដូចគ្នា។
ក្នុងការបោះឆ្នោតជុំចុងក្រោយនោះ Lookman មានសំឡេងគាំទ្រលើសគូប្រជែង Simon Adingra របស់កូដឌីវ័រ, Serhou Guirassy របស់ហ្គីណេ និង Achraf Hakimi របស់ម៉ារ៉ុកជាដើម។
African Footballer of the Year គឺជាពានដំបូងសម្រាប់ Lookman តាមរយៈបង្ហាញសមត្ថភាពលេចធ្លោខ្លាំងនារដូវកាលឆ្នាំ២០២៣-២០២៤ និងធ្វើបានហែតទ្រីក (៣គ្រាប់) ក្នុងថ្ងៃផ្តាច់ព្រ័ត្ររួមចំណែកជួយ Atalanta ឈ្នះជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ថែមទៀតផង៕