(ភ្នំពេញ)៖ ក្នុងកម្មវិធី លៀងសាយភោជន, លោក សុន គឹមសា នាយកប្រតិបត្ដិ ប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី បានបញ្ជាក់ថា កម្មវិធីនេះប្រារព្ធឡើង ក្នុងគោលបំណង ថ្លែងអំណរគុណដល់ដៃគូសហការឆ្នើម ព្រមទាំងមានការប្រគល់ពានរង្វាន់ ជូនដល់ដៃគូសហការឆ្នើមប្រចាំឆ្នាំ និងបង្កើនទំនាក់ទំនងឲ្យកាន់តែល្អបន្ថែមទៀត ក្នុងការសហការជាដៃគូអាជីវកម្ម។

លោក សុន គឹមសា បានឲ្យដឹងថា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គ្រឹះស្ថានបានផ្ដល់កម្ចីឥណទាន មានចំនួន៤៣៤លានដុល្លារ។ ដោយក្នុងនោះ គ្រឹះស្ថានបានផ្ដល់៖ កម្ចីជាសាច់ប្រាក់, បង់រំលស់គ្រឿងអេឡិចត្រូនិក បង់រំលស់ម៉ូតូ និងរថយន្ត ជាដើម-ល-។

លោកបន្ដបានទៀតថា ក្នុងឆ្នាំ២០២៤ នេះផងដែរគ្រឹះស្ថានបានចូលរួមសកម្មភាពសង្គមដូចជា ការរួមចំណែកបរិច្ចាគថវិកា តាមរយៈកាកបាទក្រហម ឧបត្ថម្ភដល់កីឡាប៉ារ៉ាអូឡាំពិក បរិច្ចាគឈាម និងចូលរួមសកម្មភាពសង្គមផ្សេងទៀត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី នឹងពង្រឹងខ្លួនឲ្យកា្លយជាក្រុមហ៊ុនមួយដ៏ឆ្នើម នៅក្នុងវិស័យហិរញ្ញវត្ថុ ហើយនឹងបន្ដផ្ដល់ឥណទាន ជូនដល់អតិថិជនឲ្យកាន់តែច្រើន ដើម្បីចូលរួមចំណែក ដល់ការលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីលើកតម្កើង ដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕